Wednesday, April 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន : ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យពលរដ្ឋ សម្រេចចិត្តឈរលើមូលដ្ឋានត្រឹមត្រូវ

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យពលរដ្ឋ សម្រេចចិត្តឈរលើមូលដ្ឋានត្រឹមត្រូវ វិធានការដ៏មានប្រសិទ្ធភាព បន្សាបព័ត៌មានក្លែងក្លាយមគឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុខ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី 7 ខែមេសានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។

យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៣ ទាក់ទងនឹងសុក្រឹតភាពនៃព័ត៌មានចែងថា៖ ១-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ (ទាំងអ្នកសារព័ត៌មានអាជីព អ្នកផលិតមាតិកា អ្នកសរសេរប្លុក អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋ អ្នកមានប្រជាប្រិយលើបណ្តាញសង្គមជាដើម) ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាតយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។

២-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវ (ក) ចូលរួមទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ (ខ) ផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ (គ) ផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភាន់ច្រឡំ (គ) រក្សាការសម្ងាត់នៃប្រភព (ឃ) ធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាព យុត្តិធម៌ និងមិនលម្អៀង។

៣-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាង (ក) ការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់ (ខ)កាឡៃព័ត៌មានតាមរូបភាពណាមួយដែលធ្វើឱ្យប្រាសចាកន័យដើម (គ) បញ្ចេញមតិផ្ទាល់ខ្លួនឈរលើបុរេវិនិច្ឆ័យ (ឃ) ច្របល់គ្នារវាង ការពិតដែលជាអង្គហេតុ និងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួន (ង) កែប្រែព័ត៌មាន រូបភាព ឬវីដេអូ លុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗ ឬបន្លំឯកសារផ្សេងៗ។

សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! សូមបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ, ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ។ សូមផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ!រក្សាសិទ្ធដោយ៖សុទ្ធលី