ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា ក៏បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ ជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី៣៥ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនិញដែលកម្ពុជានាំចូលទៅអាមេរិកបច្ចុប្បន្នបង់ពន្ធប្រមាណ ១១ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូប ត្រៀមចរចាជាមួយអាមេរិក រឿងដំឡើងពន្ធលើទំនិញរបស់កម្ពុជា។
តាមសារលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ សម្តេចធិបតី បានគូសរំលេចថាអត្រាពន្ធនាំចូលខ្ពស់បំផុត ដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលសម្រាប់ ១៩ ក្រុមទំនិញ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
សូមបញ្ជាក់ជូនថា នាពេលថ្មីៗនេះ អាមេរិកបានប្រកាសអនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



