ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូបន្តចុះចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកជំទាវ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងកងពលធំអន្តរាគមន៍លេខ២ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចការពារបូរណភាពទឹកដី។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ២ បន្តយកចិត្តទុកដាក់ក្នុងកិច្ចការពារបូរណភាពទឹកដី ប្រកបដោយការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពម៉ឺងម៉ាត់រាល់បទបញ្ជា និងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ព្រមទាំងបានក្រើនរំលឹកអំពីការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ការរក្សាការសម្ងាត់យោធា និងសេចក្តីថ្លៃថ្នូររបស់កងទ័ព។
ឯកឧត្តម ម៉ៅ សុផាន់ បានលើកទឹកចិត្តឲ្យកងពលធំអន្តរាគមន៍លេខ២ បន្តរួមសហការឲ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រទេសជិតខាង ដោយរាល់បញ្ហាកើតឡើងនៅតាមព្រំដែន គឺមានយន្តការក្នុងការជជែកគ្នាដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនថ្នាក់ជាតិ។ ត្រូវសហការល្អជាមួយ កម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីនេះឲ្យបានល្អ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











