ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និង មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ។ អ្វីដែលធ្វើឱ្យមានមោទនភាពចំពោះសម្ពានអាកាសមរតកតេជោ គឺត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពដែលមានចេរភាព គឺគ្មានអ្វីប្រសើរជាងការផ្ទេរសមត្ថភាពជំនាញពីអ្នកជំនាញបរទេស ឬការសិក្សារៀនសូត្រពីក្រៅប្រទេសរបស់កូនខ្មែរ ហើយកូនខ្មែរប្រើសមត្ថភាពក្នុងកិច្ចកសាងសមិទ្ធផលនានារបស់ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចេរភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីព្រលានយន្តហោះថ្មីធ្វើរួចរាល់ នឹងមានតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មកើតឡើងថែមទៀត ដែលនឹងធ្វើឱ្យមានកំណើនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំមិនអាចហាមពលរដ្ឋមិនឱ្យទិញរថយន្ត ទិញម៉ូតូសម្រាប់ធ្វើដំណើរនោះទេ អ្វីដែលអាចធ្វើបាន គឺប្រឹងសង់ផ្លូវ ពង្រីកផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃក្រោយរាជធានីភ្នំពេញ នឹងផ្លូវក្រោមទឹក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានមោទនភាពក្នុងរយៈពេលមុន និងក្រោយបោះឆ្នោត សម្តេចបានអញ្ជើញសម្ពោធ និងបើកការដ្ឋានសាងសង់សមិទ្ធផលចំនួន៥លើកហើយរួមមាន បើកការដ្ឋានសង់ផ្លូវ៥០ម៉ែត្រ ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅដង្កោ, សាងសង់ស្ពានចាក់អង្រែក្រោម ទៅព្រែកប្រា, បើកការដ្ឋានស្ពានអាកាសភ្លោះ, សម្ពោធអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្ពោធស្ពានអាកាសមរតកតេជោ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំផ្លូវ ដើម្បីសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យបណ្តាញដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ អាចជោគជ័យទៅបាន គឺត្រូវរៀបចំការគ្របដណ្តប់ និងពង្រាយបណ្តាញធ្វើដំណើរឱ្យបានច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចណែនាំឱ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើជាសួនសាធារណៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ, មិនត្រឹមតែជាការដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើង, ទាំងតាមសាលារៀន និង ក្នុងសហគមន៍) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការដូចភ្លៀងរលឹមជាប់ជាប្រចាំ, ជាពិសេសការបង្ក្រាបករណីក្មេងទំនើងត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ មិនត្រូវបន្ធូរដៃឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




























