ខេត្តកំពង់ចាម: “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃនាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាមនិងរៀបចំព្រឹត្តិការណ៍សប្បាយរីករាយដោយឱ្យប្រជាពលរដ្ឋទទួលទានលៀសហាលទម្ងន់៣តោនដែលមានប្រវែង១០០០ម៉ែត្រដោយឥតគិតថ្លៃ”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តក្នុងឱកាសដឹកនាំប្រតិភូចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់កងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅថ្មីៗ។មកដល់ពេលនេះមន្ត្រីជំនាញបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដែរ សម្រាប់ឲ្យមហាជនទទួលទានដោយឥតគិតថ្លៃ។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧មេសាថា: ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាអង្គភាពពាក់ព័ន្ធគឺមានកិច្ចសហការគ្នាបានល្អដោយរៀបចំសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ដែលកាន់តែខិតចិត្តមកដល់នាពេលដ៏ឆាប់ខាងមុខនេះ។ ដោយផ្លូវថ្នល់នៅមុខសាលាខេត្តដល់ចំណុចរង្វង់មូលសួនច្បារ ត្រូវបានរៀបចំតុបតែងកែលម្អតាមដងផ្លូវដាក់អំពូលបំភ្លឺចម្រុះពណ៌ពេលរាត្រី ពាងទឹកតាមអមសងខាងផ្លូវសម្រាប់ប្រយោជន៍ដល់ភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេង។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍រំលឹកថា ក្នុងពេលឱកាសបុណ្យចូលឆ្នាំថ្មីជំនាន់អភិបាលខេត្តមុនៗគឺតែងតែបានរៀបចំឲ្យមានព្រឹត្តិការណ៍សប្បាយរីករាយដើម្បីទទួលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីតាមតំបន់នានានៅជុំវិញខេត្តកំពង់ចាម។ ជាក់ស្ដែងមកដល់ជំនាន់ឯកឧត្តមអ៊ុនចាន់ដាអភិបាលខេត្តនាអាណត្តិទី២នេះគឺបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងការរៀបចំឲ្យមានភាពសប្បាយរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី២០២៥ ដោយរដ្ឋបាលខេត្តបានបង្កើតឱកាសសប្បាយៗគឺការទទួលទានលៀសហាលដែលជាលៀសនៅក្នុងខេត្តកំពង់ចាមតែម្ដង។គឺមានទម្ងន់រហូតដល់បីតោនហើយត្រូវបានដាក់ពង្រាយហាលនៅក្រោមកម្ដៅថ្ងៃដែលមានប្រវែងរហូតដល់ ១០០០ម៉ែត្រ នៅពេលដែលឆ្អិននោះគឺអាចឱ្យភ្ញៀវជាតិនិងអន្តរជាតិទទួលទានដោយសេរីឥតគិតថ្លៃ។ សូមបញ្ជាក់ថានេះគឺទើបតែលើកទី១ ដែលមាននៅក្នុងប្រវត្តិសាស្ត្រខេត្តកំពង់ចាម មិនដែលមានពីមុនមកនោះទេ បើប្រៀបធៀបជាមួយនឹងបណ្ដាខេត្តរាជធានីផ្សេងទៀតក្នុងប្រទេសកម្ពុជាក៏មិនមានព្រឹត្តិការណ៍បែបនេះដែរ។ដោយអាចចាត់ទុកបំបែកកំណត់ត្រាជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា គួររំលឹកថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៤កន្លងទៅខេត្តកំពង់ចាម បានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងនៅក្នុងខេត្តកំពង់ចាមមានរហូតដល់ជាង៥លាននាក់ បានជាប់ចំណាត់ថ្នាក់លេខ១ទៀតផង។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា មុនឱកាសបុណ្យចូលឆ្នាំថ្មីមកដល់នេះគឺមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ក៏ដូចជាព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងពីព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងខេត្តកំពង់ចាមដែលមាននៅតាមតំបន់រមណីយដ្ឋាននានាទាំងអស់ ក្នុងនោះមានដូចជាប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី
ភ្នំហាន់ជ័យ រមណីយដ្ឋានទឹកឆាព្រមទាំងតំបន់មួយចំនួនទៀតក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តដោយឲ្យបង្កើតមានសង្ក្រាន្តអបអរសាទរឆ្នាំថ្មីនេះឡើងប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តលេងនៅខេត្តកំពង់ចាម។សូមបញ្ជាក់ថាក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្តគឺបានឲ្យដាក់ពង្រាយកម្លាំងសមត្ថកិច្ចក្នុងនោះមាននគរបាលអាវុធហត្ថ ទាហាន ប្រជាការពារ នៅតាមដងផ្លូវនិងទីកំសាន្តនានាដើម្បីរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកលេង ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ទាំងការមកលេងហ្នឹងវិលត្រឡប់ទៅវិញ។ជាមួយនោះនៅឆ្នាំ២០២៦ខាងមុខ ឯកឧត្តមអភិបាលខេត្តនិងរៀបចំព្រឹត្តិការណ៍សប្បាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឲ្យកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី























