Monday, April 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វុទ្ធី ស្នើឱ្យវិនិយោគិន បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរងចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយសហរដ្ឋអាម៉េរិក

នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានាក្នុងរដ្ឋបាលតំបន់ និងវិនិយោគិនមួយចំនួននៅក្នុងតំបន់ផងដែរ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៅក្នុងតំបន់។

បន្ទាប់ពី លោកស្រីអគ្គនាយិកា តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបស្តីពីវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួចមក វិនិយោគិនដែលអញ្ជើញមកពីតំណាងក្រុមហ៊ុនផ្សេងៗក៏បានលើកឡើងនៅក្នុងអង្គប្រជុំនេះនូវបញ្ហាមួយចំនួន រួមមាន៖ ១) បញ្ហាប្រឈមដែលក្រុមហ៊ុនបាននិងកំពុងជួបប្រទះ, ២) ការកង្វល់ទៅលើបញ្ហាពន្ធដែលសហរដ្ឋអាម៉េរិកបានកំណត់មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ, និង ៣) សំណូមពរមួយចំនួនផងដែរ។

ជាការឆ្លើយតប ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូននូវទិដ្ឋភាពពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងការផ្តល់កិច្ចសម្រួលនានាជូនអ្នកវិនិយោគ របស់មន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឆ្លៀតក្នុងឪកាសនេះដែរ ឯកឧត្តមប្រធានក៏បានជម្រាបជូនអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែខ្វល់ខ្វាយ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់វិនិយោគិន ជាក់ស្តែងករណីបញ្ហាពន្ធដែលបានលើកឡើងខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២៥មកម្លេះ ហើយបន្ទាប់ពី លោក ដូណាល់ ត្រាំ បានប្រកាសពត៌មានអំពីការកំណត់ពន្ធទៅលើបណ្តាប្រទេសនានា រួមទាំងប្រទេសកម្ពុជា នោះរាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់ ជាបន្តបន្ទាប់ ដើម្បីប្រមូលនូវធាតុចូលនានា ដើម្បីពិនិត្យ និងឆ្លើយតបទៅនិងភាគីសហរដ្ឋអាម៉េរិកវិញផងដែរ។ ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការចំនួន ២ ដែលចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្នើឱ្យមានកិច្ចចរចារទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា, ការបង្ហាញឆន្ទះក្នុងការបញ្ចុះអត្រាពន្ធរបស់កម្ពុជា ក្នុងកម្រិតអតិប្បរមាពី៣៥% មកនៅត្រឹម ៥%, និងស្នើឱ្យមានការពន្យាពេលសម្រាប់អនុវត្តន៍អត្រាពន្ធដែលបានកំណត់។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើដល់មន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ ដើម្បីទទួលដំណើរទស្សកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលគ្រោងនឹងអញ្ជើញធ្វើដំណើរទស្សកិច្ចមកកាន់តំបន់តំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ នាចុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ ព្រមទាំងបានផ្តល់អនុសាសន៍ដល់មន្ត្រីតំណាងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន គាំទ្រនិងជួយសម្របសម្រួលនីតិវិធីជូនក្រុមហ៊ុនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យក្នុងការវិនិយោគនៅប្រទេសកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរងចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី