រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី






