ភ្នំពេញ ៖ នាថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងពិនិត្យវឌ្ឍនភាពការងារកិច្ចការព្រំដែនកម្ពុជា-វៀតណាមដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងឯកឧត្តមអគ្គនាយកបច្ចេកទេស លោកអគ្គនាយករង លោកស្រីប្រធានមជ្ឈមណ្ឌលឯកសារ លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសរុប២២នាក់។
ឯកឧត្តម រដ្ឋមន្ត្រី បានមានមតិស្វាគមន៍ ព្រមទាំងសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់របស់អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន ដែលតែងតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញានិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកិច្ចការព្រំដែនដ៏មានសារៈសំខាន់បំផុតសម្រាប់ជាតិមាតុភូមិ ក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងបូរណភាពទឹកដី។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរួចមក ឯកឧត្តម រដ្ឋមន្ត្រី បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនជូនអង្គប្រជុំពិនិត្យ និងពិភាក្សាក្នុងការប្រមូលធាតុចូលបន្ថែមទៀត ដើម្បីបន្តសកម្មភាពការងារក្នុងការចុះជួបចរចានិងអនុវត្តលើដីជាក់ស្តែងជាមួយសមភាគី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកនិងគូសបញ្ញាក់អំពីសមិទ្ធផលជាប្រវត្តិសាស្រ្តនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយមានភាពច្បាស់លាស់ ត្រឹមត្រូវរឹងមាំ និងស្ថាពរ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឈដែលយើងទទួលបាននាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ខ្ពងខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធានាការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ទុកជាមរតកប្រវត្តិសាស្ត្រជូនកូនចៅខ្មែរគ្រប់ជំនាន់។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ព្រមទាំងត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយទាំងក្នុងការចរចា និងការចុះអនុវត្តការងារជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវឆន្ទៈ ស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី






