Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃ

ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃ១០មេសានេះតទៅ ។
ការផ្អាកអនុវត្ដដោយសារប្រទេសចំនួន៧៥បានទាក់ទងអាមេរិកដើម្បីសុំចរចា។ ដោយឡែក សម្រាប់ប្រទេសចិន លោក ត្រាំ ប្រកាសដំឡើងដល់ ១២៥% ចាប់ផ្ដើមមានប្រសិទ្ធភាពភ្លាមៗ ។

តាមរយៈបណ្ដាញសង្គមផ្លូវការនាថ្ងៃព្រហស្បតិ៍នេះឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា

  1. ជាដំណឹងល្អ ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ, បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។
    2.ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ, ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត, ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។
    3.សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។
    4.ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា។

យោងតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិច នារាត្រីថ្ងៃ៩ មេសានេះ។

“ប្រធានាធិបតីអាមេរិច បានប្រកាសផ្អាកការអនុវត្តពន្ធរយ:ពេល ៩០ថ្ងៃ សម្រាប់ប្រទេសចំនួន ៧៥ ដែលបានធ្វេីការទំនាក់ទំនង និងចរចារជាមួយរដ្ឋបាលរបស់ខ្លួន បន្ទាប់ពីមានការប្រកាសកន្លងទៅ។”

ជាមួយគ្នានោះឯកឧត្តមគឹម សន្តិភាព ក៏បានលើកឡើងផងដែរថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់ និងវិធានច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី រួមនឹងសេនាធិការដ៏មានសមត្ថភាព និងជំនាញ ពិតជាបានផល។

យេីងជាប្រទេសដ៏តូចមួយបានធ្វេីការយ៉ាងសកម្ម និងទាន់សភាពការណ៍ ពិតជាបានផល និងទទួលបានលទ្ធផលមួយយ៉ាងវិជ្ជមានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។

ពិតណាស់ថា អ្វីៗនឹងមានការប្រែប្រួល ហេីយក៏អាចនឹងប្រែប្រួលយ៉ាងឆាប់រហ័ស ក្នុងបរិការនេះ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងបន្តតាមដានយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការត្រៀមបង្ការ អនុវត្ត ហេីយបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលអាមេរិច ដេីម្បីឆ្លេីយតបទៅនឹងបម្រែបម្រួល និងការវិវត្តខាងមុខ សំដៅធានា និងការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

សូមបងប្អូនទាំងអស់ រក្សាបាននូវភាពស្ងប់ស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អ ពិសេសជឿជាក់លេីការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលនឹងការពារផលប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕​រក្សាសិទ្ធដោយ៖សុទ្ធលី