រាជធានីភ្នំពេញ៖ តុលាការខេត្តសៀមរាបអះអាងថា មិនដែលទទួលបណ្ដឹង ពីឈ្មោះ ចិន ស្រីដា ទាមទារប្រាក់ពីកូនបំណុលនោះទេ។ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយសារព័ត៌មានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីបណ្ដឹងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រ៉ាំង ភិរម្យ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា បណ្តឹងរបស់ឈ្មោះ ចិន ស្រីដា ដែលប្តឹងមកកាន់តុលាការមិនត្រូវបានដោះស្រាយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែមេសានេះ, អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប មិនដែលទទួលបានបណ្ដឹង ក្នុងសំណុំរឿងរដ្ឋប្បវេណី ពីឈ្មោះ ចិន ស្រីដា ប្ដឹងទាមទារប្រាក់ពីឈ្មោះ សម្បត្តិ កុសល និង ឈ្មោះ រ៉ាំង ភិរម្យ នោះទេ។
ការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីបណ្ដឹងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និង ឈ្មោះ រ៉ាំង ភិរម្យ ដោយភ្ជាប់ការលើកឡើងថា បណ្ដឹងរបស់ឈ្មោះ ចិន ស្រីដា ដែលប្ដឹងមកកាន់តុលាការមិនត្រូវបានដោះស្រាយ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានគូសបញ្ជាក់ទៀតថា ឈ្មោះ ចិន ស្រីដា មានសំណុំរឿងច្រើននៅតុលាការខេត្តសៀមរាប ប៉ុន្តែ គ្មានសំណុំរឿងណាមួយជាបណ្តឹងទាមទារប្រាក់ពីកូនបំណុលនោះទេ។
ប្រសិនបើមានបណ្តឹងទាមទារប្រាក់ជំពាក់ ដោយមានភ្ជាប់មកជាមួយនូវភស្តុតាងតាមផ្លូវច្បាប់គ្រប់គ្រាន់នោះ សាលាដំបូងខេត្តសៀមរាបនឹងសម្រេចផ្តល់យុត្តិធម៌ជូន ដោយធានាថា កូនបំណុលនឹងត្រូវសងប្រាក់ទៅឱ្យម្ចាស់បំណុល តាមផ្លូវច្បាប់ និងនីតិវិធីជាធរមាន។នេះបើតាមអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប៕ រក្សាសិទ្ធដោយ៖សុទ្ធលី



