Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លៀសហាល៣តោន ប្រេនខេត្តកំពង់ចាម ត្រៀមលក្ខណៈរួចរាល់ហើយ រង់ចាំស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ចូលមកកម្សាន្តសង្ក្រាន្តឆ្នាំថ្មី

បន្ទាប់ពីមានប្រសាសន៍លើកឡើងរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីសូត្រមន្តចំរើនព្រះបរិត្ត និងជួបជុំមន្ត្រីរាជការរាប់រយនាក់នៅសាលសន្និសីទសាលាខេត្ត នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ស្ដីពីអំណរសាទរស្វាគមន៍ដោយលៀសហាលនោះ តាមពិតទៅ ខេត្តកំពង់ចាម មានកម្មវិធីជាច្រើនសម្រាប់ត្រៀមអបអរសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងគេនោះ គឺលៀសហាលទម្ងន់ ៣តោនប្រវែង ១០០០ម៉ែត្រ ពិសាឥតគិតថ្លៃ ចាប់ពីចំណុចមុខសាលាខេត្ត ដល់វេទិកាប្រណាំងទូក.ងមាត់ទន្លេ ហើយលៀសទាំងនេះ គឺពិតជាមានរសជាតិឆ្ងាញ់ ដែលត្រូវបានប្រមូលមកពីកៀនជ្រៃ ស្រុកកំពង់សៀម កោះសូទិន និងបឹងធំ ដែលជាអាហារឆ្អិនដោយប្រើកំដៅថ្ងៃ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេតកំពង់ចាម បានមានប្រសាសន៍ថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឱ្យខេត្តនីមួយៗរៀបចំនៅព្រឹត្តិការណ៍សង្ក្រាន្តឱ្យអធិកធម ដើម្បីបង្កើតនូវភាពសប្បាយរីករាយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តលេងឱ្យបានច្រើនកុះករ, ហើយក្នុងនោះ ខេត្តកំពង់ចាម បានត្រៀមកម្មវិធីមួយចំនួន ក៏ដូចជាត្រៀមលក្ខណៈសម្បត្តិរួចរាល់ ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី មកលេងនៅក្នុងខេត្តកំពង់ចាម ដែលគេរំពឹងថា អាចនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅមិញ គឺប្រមាណជាង ៥លាននាក់។ 

ឯកឧត្តមអភិបាលខេត្ត ឱ្យដឹងថា ចំពោះការរៀបចំលៀសហាល គឺត្រូវប្រើថាសដែកមួយ សម្រាប់ដាក់លៀសហាលបាន ១គីឡូក្រាម ដូច្នេះត្រូវប្រើថាសដែកចំនួន ១០០០ថាស និងមានតុដាក់ពីក្រោម ដោយតម្រាបគ្នានៅលើផ្លូវថ្នល់ ហើយមន្ត្រីតាមមន្ទីរ-អង្គភាពផ្សេងៗក្នុងខេត្ត ត្រូវទទួលរាប់រង មើលពីសន្តិសុខសណ្ដាប់ធ្នាប់។ ចំពោះបងប្អូនដែលទទួលទានលៀសហាលរួច គឺមានស្បោងក្រដាសសម្រាប់ដាក់សំបកលៀស ចៀសវាងការបោះចោលលើថ្នល់ ទៅជាសំរាមរប៉ាត់រប៉ាយ ដែលអាចបណ្ដាលឱ្យមុតជើងអ្នកមកលេង។

ជាមួយនេះ ស្បោងក្រដាសមានសរសេរអក្សរ “រួមគ្នាមិនប្រើប្រាស់ថង់ផ្លាស្ទិក” ដែលជាសារមួយដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក, ហើយក៏មានរៀបចំធុងសំរាមគ្រប់គ្រាន់សម្រាប់បងប្អូនទទួលទានអាហារត្រូវទុកដាក់សំរាមក្នុងធុងសំរាម ។ សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃនេះ កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារប្រមាណជាង ១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយតាមទីតាំងរមណីយដ្ឋានសំខាន់ៗ ដើម្បីការពារសុវត្ថិភាពជូនដល់ពលរដ្ឋដែលមកកម្សាន្តលេងនៅក្នុងទឹកដីខេត្តកំពង់ចាម។

ស្ដីពីលៀសហាលវិញ គឺជាលៀសដែលនាំយកមកពីកៀនជ្រៃ ក្នុងស្រុកកំពង់សៀម មានទំហំធំ ត្រូវបានក្រុមឈ្មួញទិញយកទៅលក់បន្តដល់ខេត្តសៀមរាប និងបណ្ដាខេត្តផ្សេងទៀត ដោយដាក់ប្រេនខេត្តកំពង់ចាម ជាលៀសដែលមានរសជាតិឆ្ងាញ់។ បើនិយាយពីប្រវត្តិលៀសហាលនេះវិញ គឺមានតាំងពីរាប់រយឆ្នាំមកហើយ ដែលជាអាហារមួយប្រភេទ ត្រូវបានគេដាក់ចម្អិនដោយប្រើកម្ដៅព្រះអាទិត្យ, គិតរហូតមកដល់ពេលនេះ គឺប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានកក់ពីឈ្មួញគ្រប់គ្រាន់រួចរាល់ហើយសម្រាប់រៀបចំក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ចាម ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលមកកម្សាន្ត៕ ពិសិដ្ឋ CEN