ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅនាថ្ងៃចន្ទ ២រោច ថ្ងៃអង្គារ ៣រោច និងថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តម ក្នុងក្រុមគ្រួសារនឹង សង្គមជាតិទាំងមូល។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំនេះ គឺជាឆ្នាំទី២ នៃអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបាននិង បាននិងកំពុងអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយធ្វើការការពារ ថែរក្សា និងពូនជ្រំសមិទ្ធផលជាតិ និងប្រើប្រាស់វឌ្ឍនភាពដែលសម្រេចបានកន្លងមក ដើម្បីលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតបន្ថែម មួយកម្រិតទៀត ព្រមទាំងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ប្រកបដោយអរិយធម៌ថ្កុំថ្កើងរុងរឿង។
ក្នុងឆ្នាំ២០២៤កន្លងមក កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកទាំងមូល ស្ថិតក្នុងស្ថានភាពមិន ប្រាកដប្រជាខ្ពស់ ក្នុងនោះរួមមានការកើនឡើងនូវការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចតំបន់និងសកល ភាពកាន់តែតានតឹងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និន្នាការកើនឡើងនៃការគាំពារនិយម ការប្រែប្រួលដែលមិនអាចប៉ាន់ប្រមាណបាននៃនិម្មាបនកម្មសកល់ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម និងការប្រែប្រួលអាកាសធាតុ ដែលបង្កកម្មវិបាកកាន់តែធ្ងន់ធ្ងរឡើងលើដំណើរនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។ ទោះបីជាយ៉ាងនេះក្តី កម្ពុជានៅតែបន្តរក្សាបានសុខសន្តិភាពពេញលេញ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ភាពកាន់តែល្អប្រសើរឡើងនៃសុខុមាលភាពនិងជីវភាពរបស់ប្រជាជន។
ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាបន្តសម្រេចបានសមិទ្ធផលជាទីមោទនៈ ដូចជា ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីអបអរសាទរការបើកការដ្ឋានសាងសង់-ព្រែកជីកហ្វូណនតេជោ ការចុះបញ្ជី ក្រមា» ទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងបន្តខិតខំនិងជំរុញអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះមានកម្មវិធីគោលនយោបាយជាអាទិភាព ចំនួន៦ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តអនុវត្តនូវវិធានការគន្លឹះទាំង៥ ដើម្បីជំរុញនិងបង្កើនល្បឿនលើ កិច្ចការកែទម្រង់លើវិស័យមួយចំនួន ក្នុងគោលដៅបន្តកសាងរដ្ឋបាលសាធារណៈដែលកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៖
ទី១- វិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ៖ បានអនុវត្តការជ្រើសរើសមន្ត្រីរាជការ តាមនីតិវិធីថ្មី ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមពាក្យស្លោក “អ្នកចេះ គឺជាប់» «ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត ព្រមទាំងការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងប្រតិបត្តិការរដ្ឋបាលសាធារណៈនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ និងចីរភាព ជាពិសេសបន្តពង្រឹងការដឹកនាំនិង គ្រប់គ្រងវិស័យអធិការកិច្ច ដើម្បីពង្រឹងអភិបាលកិច្ចល្អក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។
ទី២-វិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាពអប់រំ៖ បានធ្វើការកែទម្រង់និងដាក់ចេញវិធានការសម្រាប់ វិស័យអប់រំពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ព្រមទាំងបានចុះជ្រើសរើសសាលារៀនគោលដៅចំនួន៤២ កម្រិត បឋមសិក្សានៅបណ្តារាជធានី ខេត្តចំនួន៩ សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សា ចំនួន២ម៉ោងបន្ថែម ដែលទល់ពេលនេះ មានសិស្សបំប៉នសរុបចំនួន២០ ៧៩៣នាក់។ ចំពោះការអប់រំចំណេះដឹងទូទៅ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សរុប១៧៥ ៣៩៦នាក់ ស្មើនឹង៩៤,៦៩% សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប១០៦ ៣៥១នាក់ ស្មើនឹង៧៩% (បេក្ខជនជាប់និទ្ទេស A មានចំនួន២ ២១៦នាក់) និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុប៧៨០នាក់ ស្មើនឹង៩៨,៧៣%
ទី៣-វិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល៖ បានដាក់ចេញនូវវិធានការបន្តលើកកម្ពស់ គុណភាពសេវាសុខាភិបាលតាមរយៈការពង្រឹងសេវានៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក និងការដាក់ពង្រាយ បុគ្គលិកសុខាភិបាល ដើម្បីធានាសេវា២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍ ព្រមជាមួយការបង្កើនបរិមាណ និងគុណភាពឱសថនិងបរិក្ខារពេទ្យ និងការពង្រឹងក្រមសីលធម៌និងការទទួលខុសត្រូវវិជ្ជាជីវៈ។ ជាក់ស្តែង សេវា សុខាភិបាល បានផ្តល់ការពិនិត្យពិគ្រោះនិងព្យាបាលជំងឺប្រមាណជាង១៨លានករណី អ្នកជំងឺសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យប្រមាណជាង១,៣លាននាក់ អ្នកទទួលបានការគ្របដណ្តប់ដោយមូលនិធិសុខាភិបាលបានកើន ដល់ជិត៤លាន៨សែននាក់ និងអ្នកទទួលបានការគ្របដណ្តប់ការថែទាំសុខភាពដោយបណ្ណប.ស.ស. កើនដល់ជាង ២លាន៧សែននាក់។
ទី៤- វិធានការគន្លឹះក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៖ បានដាក់ចេញ បទបញ្ជា០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាបទបញ្ជាដាច់ខាតសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយបានធ្វើតេស្តមន្ត្រីរាជការ ស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ សរុបជាង១០ម៉ឺននាក់។ ទន្ទឹមនេះ បានបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ សកម្មភាពក្មេងទំនើង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសបច្ចេកវិទ្យា និង បទល្មើសសម្អាតប្រាក់ អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានផ្តល់សេវាផ្លូវច្បាប់ ជួយស្ត្រីរងគ្រោះ ដោយអំពើហិង្សា និងធ្វើអន្តរាគមន៍ទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីនិងក្មេងស្រី។
ទី៥- វិធានការគន្លឹះក្នុងការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៖ បានបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ព្រមទាំងបានដាក់ចេញយុទ្ធនាការចំនួន២ គឺ ទី១យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២ យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងមកនេះ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងក្ដីដទៃទៀត បានចំនួន ១៨៨ ៩៤២ ស្មើនឹង៨២,៤១% នៃសំណុំរឿងទូទាំងប្រទេស ខណៈ អ.ដ.ក. បានធ្វើការសម្រុះសម្រួលដោះស្រាយ វិវាទលើបណ្តឹងសរុបចំនួន៤១២ និងដោះស្រាយបញ្ចប់ដោយជោគជ័យបានចំនួន៧១ករណី។ ក្នុងការកែទម្រង់ច្បាប់ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងដាក់ចេញនូវគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
ក្រៅពីការសម្រេចបានវឌ្ឍនភាពខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បន្តសម្រេចបានសមិទ្ធផលជាច្រើន ក្នុងវិស័យអាទិភាពផ្សេងៗទៀតផងដែរ។ ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលបានជំរុញលើកស្ទួយផលិតកម្ម រកទីផ្សារ នឹងរក្សាលំនឹងថ្លៃកសិផល និងបានដាក់ចេញយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ ព្រមទាំងដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំ នៅតាមគោលដៅចំនួន២៥០ឃុំ ក្នុង៨៩ស្រុក និង១៧ខេត្ត ក៏ដូចបានដាក់ឱ្យដំណើរការនូវសហគមន៍កសិកម្មទំនើបចំនួន៩ និងបានកសាងប្រព័ន្ធធារាសាស្ត្រ និងធនធានទឹកនៅទូទាំងប្រទេស ដែល អាចស្រោចស្រពបានផ្ទៃដីសរុបជាង៦០ម៉ឺនហ.ត.។ ទន្ទឹមនេះ ផ្ទៃដីដាំ ស្រូវសរុបទូទាំងប្រទេស សម្រេចបាន៣,៨៦លានហ.ត. ខ្ពស់ជាងផែនការ២២,១៥% ហើយបរិមាណផលស្រូវ សរុបទទួលបាន១៣,៨៩លានតោន ព្រមទាំងបាននាំចេញអង្ករប្រមាណជាង៦៤ម៉ឺនតោន។
ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនប្រមាណ៦%។ ទំហំពាណិជ្ជកម្ម អន្តរជាតិកម្ពុជាក្នុងឆ្នាំ២០២៤ មានសរុបចំនួន៥៥,៤ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៥,៦៦% បើធៀបនឹង ឆ្នាំ២០២៣។ ការនាំចេញមានចំនួន២៦,៧ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៣,៦១% និងការនាំចូលមានចំនួន ២៨,៧ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៧,៦៣% បើធៀបនឹងឆ្នាំ២០២៣។ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុង កម្រិតខ្ពស់ ប្រមាណជាង២២ប៊ីលានដុល្លារអាម៉េរិក។ ចំពោះអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់៤០២៤រៀល/ដុល្លារ អាម៉េរិក ខណៈអត្រាអតិផរណាមធ្យមប្រចាំឆ្នាំមានកំណើនថមថយមកត្រឹម០,៨%។ រាជរដ្ឋាភិបាលនៅបន្តដំឡើង ប្រាក់បៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ដោយបច្ចុប្បន្នប្រាក់បៀវត្សអប្បបរមាមានចំនួន១លាន៣៩ម៉ឺនរៀល និងបន្តកាត់បន្ថយគម្លាតប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់និងថ្មី។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មីនិងគម្រោងពង្រីក ផលិតកម្មសរុបចំនួន៤១៤គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារអាម៉េរិក ដែលអាចបង្កើត ការងារចំនួន៣២៤ ៦២៤កន្លែង។ ទន្ទឹមនេះ ចំនួនរោងចក្រសរុបមានចំនួន២ ៤២៥រោងចក្រ និងបង្កើតការងារ ១ ១៦០ ១៨១ នាក់ និងចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្មសរុបមាន៤៣ ៩៧០មូលដ្ឋាន ដែលបង្កើតការងារ ៤៧៦ ២២៣នាក់។ រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរនិងកាបូប ដល់២០៨ដុល្លារអាម៉េរិក/ខែ សម្រាប់ឆ្នាំ២០២៥ បូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចនិងអត្ថប្រយោជន៍ផ្សេងៗពីគោលនយោបាយគាំពារសង្គម។
ចំពោះវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលបានបន្តខិតខំបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ។ ជាមោទនភាព ក្នុងឆ្នាំ២០២៤កន្លងមក កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៤ ដែលបានប្រព្រឹត្តដោយរលូននិងជោគជ័យ រួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) មហាសន្និបាត សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ សម័យប្រជុំពេញអង្គនៃសភា អន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) លើកទី១១ និងសន្និសីទត្រួតពិនិត្យលើកទី៥នៃអនុសញ្ញាអូតាវ៉ា ស្តីពីការហាមឃាត់មីន “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន ។ កម្ពុជាក៏បានបញ្ជូនកម្លាំង កងយោធពលខេមរភូមិន្ទ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅ១០ប្រទេស។ សម្រាប់លើកិច្ចការព្រំដែន រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាពខ្ពស់បំផុតក្នុងការធានារក្សាការពារបូរណភាពទឹកដីការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ តាមបណ្តោយព្រំដែន ក្នុងគោលដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ។ ជាក់ស្តែង ការផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលការណ៍នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលជាភាពជោគជ័យ ដ៏ធំធេងបញ្ជាក់ ពីស្មារតីមហាសាមគ្គីជាតិខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















