Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្មដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើត មានកំណើនច្រើនជាងបណ្ដាឆ្នាំមុនៗ

ភ្នំពេញ ៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃបានប្រមាណជាង១លាន២សែនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកនិង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវនាព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០២៥នេះ។

ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖នៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ ២០២៥នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។

ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីបានបន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្មនៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបសពួកគាត់។ ការងារនេះបើយើងមើលមួយភ្លែតគិតថាវាសាមញ្ញ ប៉ុន្តែវាមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាលបានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេនរបស់ប្រជាពលរដ្ឋក៏ដោយ។

គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕ រក្សាសិទ្ធដោយ៖សុទ្ធលី