Tuesday, April 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សៀមរាប ៖ ក្រុមការងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនជាស្រេច និងពង្រឹងបន្ថែមទៀត ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈ ការចតយានជំនិះ ព្រមទាំងការលក់ដូររបស់បងប្អូនអាជីវករ ធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនិងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

លោក ណន តូនី ប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ជាធម្មតាអាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានក្រុមការងារប្រចាំការតាមគោលដៅសំខាន់ៗមួយចំនួន នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវឬតាមទីតាំងចំណតនីមួយៗរួចទៅហើយ។ ប៉ុន្តែក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃនេះ អាជ្ញាធរជាតិអប្សរាកាន់តែពង្រឹងបន្ថែម រួមទាំងបន្ថែមកម្លាំងផង ដើម្បីសម្រួលការធ្វើចរាចរណ៍ បញ្ចៀសការកកស្ទះ ការលក់ដូរ និងតាមទីតាំងចំណតនានា សម្រាប់ទេសចរដ៏ច្រើនកុះករដែលគ្រោងមកកម្សាន្តរមណីយដ្ឋានអង្គរ។ ជាពិសេសទីតាំងប្រារព្ធពិធីសំខាន់ គឺនៅខាងមុខប្រាសាទអង្គរវត្ត នៅទីនោះមានចំណតដ៏ធំមួយ សម្រាប់ចតយានជំនិះគ្រប់ប្រភេទ។

បើទោះជាយ៉ាងនេះក្តី ប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ សំណូមពរបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ ឬអ្នកប្រកបរបរដឹកជញ្ជូននានា សូមចូលរួមអនុវត្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ ចៀសវាងកុំចតយានជំនិះនៅតាមដងផ្លូវ ជាមូលហេតុនៃការកកស្ទះ ដោយត្រូវចូលទៅកាន់ទីតាំងចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ។ សូមបញ្ជាក់ រាល់ទីតាំងចំណតរបស់អាជ្ញាធរជាតិអប្សរា មិនមានការតម្រូវឱ្យបង់ថវិកាឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី