អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបសាធារណជនមេត្តាជ្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ (World Summit 2025) និងសន្និសីទ ប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference/ISC) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម បណ្ឌិត ឆាល យ៉ាង (Dr. Charles S. Yang) ប្រធានសហព័ន្ធសន្តិភាពសកល និងឯកឧត្តម អែក ណាត ដា កាល (Hon. Ek Nath Dhakal) តំណាងកិច្ចប្រជុំអន្តរជាតិ ISC។
កិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទ ISC មានការអញ្ជើញចូលរួមពីគណៈប្រតិភូជា ប្រធានសភា អនុប្រធាន និងសមាជិកសភា ព្រមទាំងអតីតប្រមុខរដ្ឋនិងរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរ ជាតិ ថ្នាក់ដឹកនាំសាសនា អ្នកស្រលាញ់សន្តិភាព ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងសង្គមស៊ីវិលនានា ចំនួន សរុបជិត ១០០០ នាក់ មកពីប្រទេសចំនួន ៤០ ប្រទេស មកពីទ្វីបផ្សេងៗគ្នា។ ក្នុងដំណើរបេសកកម្មរយៈពេល៥ ថ្ងៃ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំ និង
ព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ ពិធីអាហារស្វាគមន៍ពេលល្ងាចរបស់ UPF, ពិធីបើកកិច្ចប្រជុំកំពូល និងកិច្ចប្រជុំ ពេញអង្គUPF, ពិធីសម្ពោធសន្និសីទ ISC និងពិធីប្រកាសទទួលស្គាល់សភាកម្ពុជាជាសមាជិកស្ថាបនិករបស់ ISC, ពិធីពិសាអាហារការងារថ្ងៃត្រង់នៃសន្និសីទ ISC, ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ និង បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ របស់ ISC, ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ជំទាវបណ្ឌិត ហាក់ ចាន់ហាម៉ូន ស្ថាបនិក UPF ព្រមទាំងបានអញ្ជើញធ្វើទស្សនកិច្ច និងធ្វើជាសាក្សីនៃពិធីចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងសាកលវិទ្យាល័យហាន់យ៉ាង សាយប៊ី និងពិធីសម្ពោធវិមាន ជិន វ៉ុន ហ្វុង (Cheon Won Gung) ផងដែរ។ ដោយឡែក សមាជិក សមាជិកាគណៈប្រតិភូផ្សេងទៀតបានចូលរួមយ៉ាងសកម្មនៅកិច្ចប្រជុំសំខាន់ៗពាក់ព័ន្ធដូចជា៖ កិច្ចប្រជុំពេញអង្គលើកទី២ របស់ UPF, ពីធីប្រកាសសេចក្តីថ្លែងការណ៍រួមរបស់ ISC, កិច្ចប្រជុំសមាគមសភាអន្តរជាតិស្តីពី សន្តិភាព (International Association of Parliamentarians for Peace/IAPP) និងពិធីប្រគល់ពានរង្វាន់ សន្តិភាពស៊ុនហាក់ (Sunhak Peace Prize Award) លើកទី៦ ជាដើម។
ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូល UPF ២០២៥ សម្តេចរដ្ឋសភាធិបតី បានថ្លែងសុន្ទរកថាគន្លឹះទៅកាន់ សម័យប្រជុំពេញអង្គ ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំពោះសណ្តាប់ធ្នាប់ពិភពលោក: ការ បង្កើតយុគសម័យថ្មីមួយដែលមានសន្តិភាព និងវិបុលភាព» ដោយសម្តេចបានសង្កត់ធ្ងន់អំពីទ្រឹស្តីនៃសន្តិ-ភាពចំនួន ១០ ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានលើក ឡើងនូវអនុសាសន៍គោលនយោបាយ ដើម្បីស្តារសន្តិភាព និងវិបុលភាពសាកល។ ចំណែកនៅក្នុងក្របខណ្ឌ ISC សម្តេចរដ្ឋសភាធិបតី បានថ្លែងសុន្ទរកថាទៅកាន់អង្គសន្និសីទ ក្រោមប្រធានបទ «ការកសាងសាមគ្គីភាព ជាសាកលៈ ការពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនាអន្តរសភា» ដោយសម្តេចប្រធានរដ្ឋ សភាបានសង្កត់ធ្ងន់លើវិធាន “និយមកណ្តាល” (Centrist Approach)។
ខ្លឹមសារគន្លឹះដែលគណៈប្រតិភូកម្ពុជាបានផ្តល់ដល់ព្រឹត្តិការណ៍មានដូចខាងក្រោម៖
ទ្រឹស្តីសន្តិភាពសម្តេចតេជោ ហ៊ុន សែន៖ សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនដល់គណៈប្រតិភូ ចូលរួមអំពី “ទ្រឹស្តីសន្តិភាព” របស់សម្តេចតេជោ ហ៊ុន សែន ដោយផ្អែកលើភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។ សម្តេចប្រធានបានបង្ហាញយ៉ាងច្បាស់អំពី សសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីនេះ ដែលអាចផ្តល់ជាបទពិសោធន៍ និងទស្សនៈទាន សម្រាប់បណ្តាប្រទេសនានា ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះរួមមាន៖ ១) ការ បង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព ហើយទំនុកចិត្តនេះជាធាតុចូលដ៏ចាំបាច់ក្នុងការ កសាង និងរក្សាទំនាក់ទំនងសន្តិភាពរវាងបណ្តាប្រទេសនិងសហគមន៍នានា។ ២) ការបញ្ចប់សង្គ្រាមតាម រយៈការចរចានិងពិភាក្សា ដោយវិធីសាស្ត្រនេះជាអាទិភាពដ៏សំខាន់ក្នុងការដោះស្រាយជម្លោះ និងបញ្ចប់ សង្គ្រាម។ ៣) ការធ្វើសមាហរណកម្មយោធានិងនយោបាយ។ ៤) ការពង្រឹងសមាហរណកម្មសង្គមនិងសេដ្ឋ កិច្ច ដែលនាំមកនូវភាពសុខដុមរមនា និងការរីកចម្រើនរបស់ជាតិ។ ៥) ការផ្សារភ្ជាប់សន្តិភាព និងការអភិវ ឌ្ឍ។ ៦) ការធានានូវសុខដុមនីយកម្មសង្គម និងជំនឿសាសនា។ ៧) ការផ្សារភ្ជាប់សន្តិភាពនិងយុត្តិធម៌អន្តរ កាល ក្នុងនោះការបង្កើតអង្គជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា (Extraordinary Chamber of the Court in Cambodia/ ECCC) ជាគម្រូមួយដ៏ល្អសម្រាប់អន្តរជាតិ។ ៨) ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី សន្តិភាព។ ៩)ការលើកកម្ពស់ពហុភាគីនិយមដើម្បីសន្តិភាព។ និង១០) ការលើកកម្ពស់ការគោរពច្បាប់អន្តរ ជាតិ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងវិបុលភាព។
ការពង្រឹងនិងពង្រីកតួនាទីការទូតសភា៖ សភាកម្ពុជាត្រូវបានសម័យប្រជុំពេញអង្គ ISC ប្រកាស ទទួលស្គាល់ជាផ្លូវការ ជាសមាជិកស្ថាបនិករបស់ ISC និងជាសមាជិក ហើយ ឯកឧត្តម យូសុះ រ៉ាហ្សា ហ្គីឡា នី (Hon. Yusuf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ជាប្រធាន ISC។ ការ ប្រកាសទទួលស្គាល់នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរួមវិភាគទានដ៏សំខាន់និងមានតម្លៃរបស់កម្ពុជាក្នុង បុព្វហេតុសន្តិភាព និងវិបុលភាពក្នុងតំបន់ និងសាកលលោក និងជាពិសេសបានបង្ហាញពីការទទួលស្គាល់នូវភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាអគ្គមគ្គទេសក៍ឯក និងប្រតិបត្តិ ករនៃនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលបានតស៊ូ លះបង់ រំដោះ ស្តារ កសាង និងអភិវឌ្ឍប្រទេសឱ្យ មានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច រហូតដល់បច្ចុប្បន្ន។
ការទូតសភាដើម្បីសន្តិភាព៖ សម្តេចរដ្ឋសភាធិបតី បានចែករំលែកពីទស្សនៈទានរបស់កម្ពុជាលើ បញ្ហាសាកល ដោយបានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងផ្លូវរបត់មួយ នៃការប្រកួតប្រជែង ភូមិសាស្ត្រ និងល្បែងឈ្នះ-ចាញ់ (Zero-Sum Game) រួមនឹងការគំរាមកំហែងផ្នែកសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណី ដូចជា សង្គ្រាមដែលកំពុងបន្តកើតមាននៅតំបន់នានា ការប្រែប្រួលអាកាសធាតុ សន្តិសុខ សុខភាព និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត (Cyber Security) ជាដើម ដែលវិបត្តិទាំងនេះបាននិងកំពុង បង្កហានិភ័យយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ពិភពលោក សន្តិភាព និងវិបុលភាពសាកល។ សម្តេចក៏បានលើក ពីការព្រួយបារម្ភ នៃការធ្លាក់ចុះនៃប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើវិធានច្បាប់។ ក្នុង បរិបទពិភពលោកដ៏ស្មុគស្មាញ និងគ្រោះថ្នាក់នេះ សម្តេចប្រធានរដ្ឋសភា បានចែករំលែកនូវអនុសាសន៍ គោលគោលនយោបាយចំនួន ៥ ចំណុច រួមមាន៖ ១) ការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ តាមរយៈការចរចា និងសន្ទនាត្រង់ទៅត្រង់មក។ ២) ការជំរុញប្រព័ន្ធពហុភាគីនិយម បើកចំហ និងបរិយាបន្ន និងសណ្តាប់ធ្នាប់ ពិភពលោកផ្អែកលើវិធានច្បាប់។ ៣) ការជំរុញសមាហរណកម្ម និងការតភ្ជាប់អន្តរជាតិ។ ៤) ការអនុវត្តវិធាន និយមកណ្តាលនៅក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីធ្វើឱ្យមានតុល្យភាពរវាងផលប្រយោជន៍ជាតិ និងផល ប្រយោជន៍តំបន់និងអន្តរជាតិ។ និង ៥) ការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងដំណើរការសន្តិភាព។
វិធាននិយមកណ្តាល៖ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ខណៈពេលដែលពិភពលោកបច្ចុប្បន្ន កំពុងមានការបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសា ស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការខ្វែងគំនិតខាងមនោគមវិជ្ជា យើងទាំងអស់គ្នាចាំបាច់ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកល ដោយប្រកាន់យកវិធាននិយមកណ្តាលជាស្នូល។ យើង ដឹងហើយថា នយោបាយការបរទេស និងនយោបាយក្នុងស្រុក តែងមានភាពប្រទាក់ក្រឡាគ្នា ដូច្នេះ ការជម្រុ ញវិធាននិយមកណ្តាលត្រូវតែធ្វើទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ នៅថ្នាក់ជាតិ វិធាននិយមកណ្តាលផ្តល់នូវ លក្ខខណ្ឌសមស្រប ក្នុងការជម្រុញសុខដុមនីយកម្មសង្គម និងឯកច្ឆ័ននយោបាយក្នុងប្រទេស។ នៅលើឆាក អន្តរជាតិ វិធាននិយមកណ្តាលជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយផ្អែកលើកិច្ចសហ ប្រតិបត្តិការជាក់ស្តែង។
ការអភិវឌ្ឍធនធានមនុស្ស៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល UPF 2025 សម្តេចរដ្ឋសភាធិបតី បាន អញ្ជើញបំពេញទស្សនកិច្ចសាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ី (Hanyang Cyber University) ដែលជា សាកលវិទ្យាល័យល្បីមួយនៅសាធារណរដ្ឋកូរ៉េ លើការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាតាមអនឡា ញ។ ដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាយនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ
និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពជូនតំណាងរាស្ត្រ ក៏ដូចជាមន្ត្រី នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភានៅ ថ្នាក់ក្រោយបរិញ្ញាបត្រនិងក្រោយឧត្តមសិក្សា និងវគ្គជំនាញខ្លីៗ ជាដើម។ ស ម្តេចរដ្ឋសភាធិបតី និងលោកបណ្ឌិត គឺ ចឹងលី (Ki-jeong Lee) សាកលវិទ្យាធិការ បានឯកភាពគ្នាលើកិច្ច សហការជាមួយគ្នាលើការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ព្រោះភាគីទាំងពីរបានទទួលស្គាល់ ថា ធនធានមនុស្សដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជាតិ។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បាន ធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) រវាងអគ្គលេខាធិការ ដ្ឋានរដ្ឋសភាតំណាងដោយ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងលោកបណ្ឌិត គឺ ចឺ ងលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Hanyang Cyber។
ស្ត្រីនិងសន្តិភាពៈ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុម សភាជាតិនៃអ្នកនយោបាយស្ត្រី (Women Caucus) និងលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំនៃសមាគមអន្តរជាតិនៃស្ត្រីទីមួយដើម្បីសន្តិភាព (IAFLP) ក្រោមប្រធានបទ «ឆ្ពោះទៅរកអនាគតដ៏មានសង្ឃឹមនៃសន្តិភាព និងវិបុលភាព»។
លោកជំទាវបានមានប្រសាសន៍ថា “ស្ត្រីមិន ត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ តែស្ត្រីគឺជាអ្នកដឹកនាំ និងអ្នកបង្កើតដំណោះស្រាយ ដែលជំរុញការផ្លាស់ប្តូរ ជាវិជ្ជមាន សម្រាប់សន្តិភាព និងវិបុលភាព»។ លោកជំទាវបានរំលឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការយក ឈ្នះលើសង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រាប់ទសវត្សរ៍ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាបានយល់ដឹង ច្បាស់អំពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃភាពសុខដុមរម្យនា និងវិបុលភាព។ កម្ពុជានៅតែប្តេជ្ញាថែ រក្សា លើកស្ទួយ និងស្រឡាញ់សន្តិភាព ហើយបន្តចែករំលែកបទពិសោធន៍ដ៏មានតម្លៃនៃសន្តិភាពជាមួយ ប្រជាជាតិក្នុងតំបន់ និងពិភពលោក។ លោកជំទាវបានគូសបញ្ជាក់ទៀតថា ខណៈពេលដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ កម្ពុជាបានរួមចំណែកអនុម័តផែនការសកម្មភាពថ្នាក់តំបន់ស្តី ពីស្ត្រី សន្តិភាព និងសន្តិសុខ (RPA WPS) ហើយក្នុង ពេលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានអនុម័តនូវសេចក្តីសម្រេចមួយស្តីពី “ការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រីក្នុង ការជំរុញស្ត្រី សន្តិភាព និងសន្តិសុខ”។ កិច្ចប្រជុំកំពូលស្ត្រីបានបិទបញ្ចប់ដោយអំពាវនាវឱ្យមានការស្វែងរក និងបែងចែកធនធានបច្ចេកទេស និងហិរញ្ញវត្ថុជាអន្តរជាតិ ដើម្បីគាំទ្រដល់ការលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងការជំរុញសន្តិភាព និងសន្តិសុខ ហើយបានប្តេជ្ញាចិត្តថា “យើងឈរជាមួយគ្នា និងខិតខំប្រឹងប្រែងទាំង អស់ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន»។
កម្ពុជា និងធម្មនុញ្ញសន្តិភាពសកលៈ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និង ជាប្រធានវេទិកាសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) បានចូលរួមកិច្ចប្រជុំកំពូល UPF កិច្ច ប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងនោះមានកិច្ចប្រជុំ IAPP ។ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំអំពីធម្មនុញ្ញសន្តិភាព សកល ដើម្បីមនុស្សជាតិ និងភពផែនដី (Universal Peace Charter: For the People and Planet) ដែល ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ នៅសម័យ ប្រជុំពេញអង្គ IPTP លើកទី១១ នៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ធម្មនុញ្ញសន្តិភាពសកលជាឯកសាររស់និងមិនមានចងកាតព្វកិច្ចច្បាប់អ្វីឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ធម្មនុញ្ញសន្តិភាព នេះបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងកសាងនូវមូលដ្ឋាន និងប្រព័ន្ធអេកូឡូស៊ីសន្តិភាព សំដៅទប់ស្កាត់ជម្លោះ ការ កសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។
សេចក្តីថ្លែងការណ៍រួមស្តីអំពីសន្តិភាពនិងវិបុលភាព: បន្ទាប់ពីការបើកកិច្ចប្រជុំសន្និសីទ ISC ជាផ្លូវការ ដោយមានវត្តមានគណៈប្រតិភូជាប្រធានសភា អនុប្រធាន និងសមាជិកសភារួចមក គណៈប្រតិភូទាំងគណៈ ប្រតិភូទាំងអស់ ដែលក្នុងនោះតំណាងគណៈប្រតិភូរដ្ឋសភាកម្ពុជា រួមមាន ឯកឧត្តម សរ ចំរុង ប្រធានគណៈ កម្មការទី១ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី ៧ និង ឯកឧត្តមបណ្ឌិត ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ បានចូលរួមពីធីប្រកាសជាផ្លូវការនៃសន្និសីទ ISC នៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលពេលនោះ អង្គសន្និសីទបានដាក់ចេញប្រកាសនូវ សេចក្តីថ្លែង ការណ៍រួមទីក្រុងសេអ៊ូល ស្តីអំពីសន្តិភាព និងវិបុលភាព។ សេចក្តីថ្លែងការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសន្ទនារវាងបណ្តាអន្តរសភា និងស្ថាប័ននានា ក្នុងន័យបន្តពង្រឹងសាមគ្គីភាពជាសកល និងការលើក កម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងសំខាន់ៗដូចជា៖ ១) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកដឹកនាំសភា និងស្ថាប័ននានា, ២) ការលើកកម្ពស់កិច្ចខិត ខំប្រឹងប្រែងដើម្បីសន្តិភាព, ៣) ការសម្រេចបាននូវវិបុលភាពរួម, ៤) ការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន, ៥) ការដោះស្រាយបញ្ហាប្រឈមជាសកល និង៦) ការបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។
ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលUPFឆ្នាំ២០២៥ និងសន្និសីទ ISC ដឹកនាំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ បេសកកម្មនេះបានបង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់ និងប្រកបដោយភាពបុរេសកម្មរបស់រដ្ឋសភាកម្ពុជាក្នុងការលើកកម្ពស់ការងារទូតសភានៅលើឆាកតំបន់និង អន្តរជាតិ ដែលបានចូលចំណែកយ៉ាងសកម្ម និងធំធេងដល់ការជម្រុញនិងលើកកម្ពស់សន្តិភាព ស្ថិរភាព និង វិបុលភាពរួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី











