Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង បានធ្វើដំណើរមកដល់កម្ពុជា

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានធ្វើដំណើរតាមជើងយន្តហោះពិសេសមកដល់កម្ពុជាហើយ នាព្រឹកនេះ ដែលស្វាគមន៍ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

«ខ្ញុំរីករាយណាស់ដែលបានមកលេងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ថាទៅផ្ទះរបស់មិត្តល្អម្នាក់។ ខ្ញុំសូមជូនពរចូលឆ្នាំថ្មីយ៉ាងកក់ក្ដៅបំផុតចំពោះបងប្អូនក្នុងប្រទេសកម្ពុជា»។ លោក ស៊ី បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៧ ខែមេសា។

ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមេសា។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន លោក ស៊ី ចាត់ទុកកម្ពុជា ជា«ផ្ទះរបស់មិត្តល្អម្នាក់»។ លោករំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំវឌ្ឍនភាពក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា។

សារលិខិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា, សារលិខិតនេះបណ្តាញព័ត៌មាន ទទួលបានផ្លូវការពីស្ថានទូតចិន នៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖

ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។

សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡា បានយាងបំពេញទស្សនកិច្ចទៅរាជធានីឆាំងអាន ប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ ដោយត្រូវចាត់ទុកជា «Bin Han» ដែលមានន័យថាភ្ញៀវកិត្តិយស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរឹតបន្តឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។

គ្រឿងប៉សឺឡែន និងគ្រឿងម្រ័ក្សណ៍ខ្មុកចិន ត្រូវដឹកជញ្ជូនទៅកម្ពុជា តាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរដូចជា គ្រឿងទេសនិងសូត្រឆៅជាផលិតផលពេញនិយមខ្លាំងសម្រាប់ប្រជាជនចិន ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីរូបភាពដ៏មមាញឹកនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរលើប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គធ្លាប់និមន្តទៅប្រទេសចិន ដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ «កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា»ដែលនិពន្ធដោយលោក ជីវ តាក្វាន់ នារាជវង្សយ័នសម័យបុរាណចិន(ឆ្នាំ១២៧១-១៣៦៨)បានក្លាយទៅជាឯកសារសំខាន់ដើម្បីសិក្សាស្រាវជ្រាវប្រវតិ្តសាស្ត្រកម្ពុជារ។ អរិយធម៌ចិន និងខ្មែរដ៏អស្ចារ្យបានឆ្លងកាត់ពេលវេលាយូរលង់ និងមានពន្លឺចែងចាំងគ្នាទៅវិញទៅមក។

ការផ្តល់តម្លៃដល់មនោសញ្ចេតនានិងគុណធម៌ ជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេនឡៃ ដែលជាមេដឹកនាំជំនាន់ចាស់ប្រទេសចិន និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ជាសហស្ថាបនិកនៃមិត្តភាពចិន-កម្ពុជា។ កាលពី៧០ឆ្នាំមុន ក្នុងឱកាសសន្និសីទក្រុងបានឌុង ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ត្រី ជូ អេនឡៃ បានជួបគ្នាលើកដំបូង និងរាប់អានគ្នាដូចជាមិត្តភ័ក្តិចាស់កម្ពុជាបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ១៩៥៨ ប្រទេសចិនក៏បានគាំទ្រពេញទំហឹងដល់កម្ពុជាក្នុងការតស៊ូយុត្តិធម៌នៃទប់ទល់នឹងការឈ្លានពានពីបរទេស និងគាំពារអធិបតេយ្យភាពនិងឯករាជ្យជាតិ។

ភាគីទាំងពីរតែងតែរួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមកនាគ្រាដែលត្រូវការជំនួយពីគ្នា។ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានគង់នៅប្រទេសចិនជិត៤០ឆ្នាំ និងទ្រង់ទុកចិនជាស្រុកកំណើតទីពីរ បទចម្រៀងកោតសរសើរមិត្តភាពចិន-កម្ពុជាដូចជា «ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហត្ថព្រះករុណា បានត្រូវផ្សព្វផ្សាយទូលំទូលាយ និងបន្តច្រៀងរហូតដល់សព្វថ្ងៃនេះ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងទៅប្រទេសចិនជារៀងរាល់ឆ្នាំ ហើយយើងបានជួបសំណេះសំណាលគ្នាយ៉ាងជិតស្និទ្ធជាច្រើនដង។ នាឆ្នាំ២០២០ ខ្ញុំបានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

គ្រឿងឥស្សរិយយសដ៏មានតម្លៃនេះបានបន្ទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះប្រជាជនកម្ពុជា។ ចំពោះមុខកូវីដដែលជាវិបត្តិសតវត្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចទៅប្រទេសចិន ក្នុងអាកាសធាតុមានខ្យល់ខ្លាំងនិងធ្លាក់ព្រិល ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រច្រើនក្រុម ទៅប្រទេសកម្ពុជាដើម្បីជួយជ្រោមជ្រែង ភាគីទាំងពីរបានផ្តល់សម្ភារៈវេជ្ជសាស្ត្រជាច្រើនហូហែរគ្នាទៅវិញទៅមក។ ចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានគាំទ្រផលប្រយោជន៍ស្នូលពីគ្នាទៅវិញទៅមក រួមដៃគាំពារសមធម៌ និងយុត្តិធម៌អន្តរជាតិ ហើយបានបង្កើតមិត្តភាពដែកថែបចិន-កម្ពុជា។

សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លាសម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា។
ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការលើវិស័យខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ធ្វើឲ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន់រាប់ម៉ឺននៃប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន ដូចជាផ្លូវល្បឿនលឿនទីមួយ ស្ពានអាកាសឆ្លងកាត់ជួរភ្នំទីមួយ ស្ថានីយ៍អគ្គិសនីធំបំផុត និងពហុកីឡដ្ឋានធំបំផុតជាដើម បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍យូអង្វែងរបស់កម្ពុជា។ អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេអភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កម្ពុជា។

បរិយបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ជាមូលដ្ឋានរឹងមាំនៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រទេសចិនបានបញ្ជូនអ្នកជំនាញវិស័យបុរាណវិទ្យា វិស័យស្ទង់ភូមិសាស្ត្រ វិស័យប្រវត្តិសាស្រ្តនិងវប្បធម៌ វិស័យស្ថាបត្យកម្មជាដើម មកធ្វើការនៅកម្ពុជាជិត៣០ឆ្នាំ ដើម្បីអនុវត្តគម្រោងជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងព្រះបរមរាជវាំងអង្គរធំ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌនៃអរិយធម៌មនុស្សជាតិ ទទួលបានភាពរុងរឿងឡើងវិញ។ មានភ្ញៀវទេសចរចិនកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ។ មានមិត្តភ័ក្តិកម្ពុជាកាន់តែច្រើនរៀនភាសាចិន ដើម្បីគយគន់អរិយធម៌ចំណាស់ចិន និងទំនើបកម្មបែបចិន។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានជួយសាងសង់ «ផ្លូវមិត្តភាព» ជីក«អណ្តូងសុភមង្គល» និងអភិវឌ្ឍគម្រោងភូមិមិត្តភាពចិន-កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា បានជួយក្មេងស្រីថ្លង់ ឱ្យចេះនិយាយថា «ម៉ាក់» ជាលើកដំបូងក្នុងជីវិតរបស់នាង និងបានជួយអ្នកជំងឺដែលប្រើប្រាស់កៅអីរុញជាយូរឆ្នាំ អាចក្រោកឈរឡើងវិញបាន។

ជាងកន្លះសតវត្សកន្លងមក អាស៊ីបង្កើតបាន «អច្ឆរិយអាស៊ី» នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ពិភពលោក ដោយបានរក្សាសន្តិភាពនិងស្ថិរភាពជាទូទៅ រួមទាំងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័។ បច្ចុប្បន្នស្ថានការណ៍ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័និងខ្លាំងខ្លា ដែលមិនធ្លាប់មានក្នុងមួយសតវត្សអាស៊ីកំពុងឈរនៅចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ការស្តារឡើងវិញជារួម។ ចិននឹងបន្តប្រកាន់ខ្ជាប់នូវ គោលគំនិតការទូតជាមួយប្រទេសជិតខាង ដែលប្រកបដោយភាពជិតស្និទ្ធស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាព និងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ជំរុញឱ្យសមិទ្ធផលនៃទំនើបកម្មបែបចិន ផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង រួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញដំណើរការទំនើបកម្មរបស់អាស៊ីទៅមុខទៀតដោយឥតឈប់ឈរ។

ក្នុងនាមជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ី ចិននិងកម្ពុជាគួរតែដើរស្របតាមនិន្នាការប្រវត្តិសាស្ត្រ ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ខិតខំប្រឹងប្រែងគ្នានិងសម្រេចបានជោគជ័យគ្នា។ ចិននិងកម្ពុជាគួរតែធ្វើជាអ្នកត្រួសត្រាយនិងជាអ្នកគំរូ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាពនិងចីរភាព។

យើងត្រូវតែជំរុញជំនឿទុកចិត្តខាងនយោបាយគ្នាទៅវិញទៅមក ឲ្យបានស៊ីជម្រៅនិងឈានដល់កម្រិតកាន់តែខ្ពស់។ យើងត្រូវតែរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។

យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពកាន់តែខ្ពស់។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ទុកការអភិវឌ្ឍន៍ និងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយ យុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កាន់តែរឹងមាំនិងត្រចាស់ត្រចង់ រួមចំណែកក្នុងដំណើរការទំនើបកម្មនៃប្រទេសទាំងពីរ។

យើងត្រូវតែរួមគ្នាពង្រឹងការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់។ យើងត្រូវតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោលសំខាន់ទៅលើរួមគ្នា គ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក។

យើងត្រូវតែជំរុញការផ្លាស់ប្តូរប្រជាជ និងប្រជាជនឱ្យកាន់តែញឹកញាប់។ យើងត្រូវប្រកាន់ខ្ជាប់សាមគ្គីភាពនិងភាពសុខដុមរមនា បង្កើនការសន្ទនានិងទំនាក់ទំនងលើវិស័យអរិយធម៌ ជំរុញការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចកាន់តែស៊ីជម្រៅ ធ្វើកិច្ចសហប្រតិបត្តិការតាមទម្រង់សម្បូរបែបក្នុងវិស័យ ទេសចរណ៍ វប្បធម៌ ការជួសជុលនិងអភិរក្សរបេតិកភណ្ឌ ការផ្លាស់ប្តូរយុវជនជាដើម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរួមគ្នាលើកកម្ពស់គុណតម្លៃអាស៊ី និងគុណតម្លៃរួមរបស់មនុស្សជាតិ។

យើងត្រូវតែពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឱ្យមានស្តង់ដារកាន់តែខ្ពស់។ យើងត្រូវស្រូបយកនូវបញ្ញាពីគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីសន្និសីទក្រុងបានឌុង ពន្លឿនការកសាងសហគមន៍វាសនារួមរវាងប្រទេសឡានឆាង-មេគង្គ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព រួមគ្នាកសាងអាស៊ីប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ភាពស្រស់ស្អាត មេត្រីភាពនិងភាពសុខដុមរមនា។

យើងត្រូវរួមគ្នាប្រឆាំងនឹងអនុត្តរភាព នយោបាយអំណាច និងការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងប្រទេសកំពុងអភិវឌ្ឍន៍។ យើងត្រូវអំពាវនាវ ពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងសមធម៌ យុត្តិធម៌អន្តរជាតិ រួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម ដើម្បីរក្សាភាពបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កំណាព្យចិនបុរាណមួយពោលថា មិត្តភក្តិពិតប្រាកដប្រៀបដូចជាមាសបរិសុទ្ធ វានឹងមិនមានការប្រែប្រួលសូម្បីតែចម្រាញ់ច្រើនលើកច្រើនសារក៏ដោយ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងក្តីលំបាក នឹងកាន់តែរឹងមាំ និងសម្រេចបានសមិទ្ធផលជាផ្លែផ្កា។ ភាគីចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍន៍ និងបង្កើតភាពរុងរឿងគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល៕ រក្សាសិទ្ធដោយ៖សុទ្ធលី