ខេត្តកំពង់ចាម: ដើម្បីរក្សាប្រពៃណីរបស់ដូនតាខ្មែរពីបុរាណកាលមកទំនៀមទម្លាប់ពិធីប្រណាំងគោ ក្របីនិងសេះ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំនៅមុខបរិវេណវត្តបារាយណ៍ព្រះជីរ៏ធំ ក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ។ដើម្បីបង្កើតនូវភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលធ្វើឡើងនាព្រឹកថ្ងៃទី១៦មេសាឆ្នាំ២០២៥ ត្រូវថ្ងៃឡើងស័កគឺធ្វើឡើងជារៀងរាល់ឆ្នាំ ជាមួយនោះមានការរៀបចំឡើងពីសំណាក់គណៈកម្មការអាចារ្យវត្តអាជ្ញាធរដែនដីហើយសមត្ថកិច្ចក៏បានជួយការពារពង្រឹងសន្តិសុខដល់អ្នកមកលេង ដោយសារមានផ្លូវបេតុងស្រួលធ្វើដំណើរមនុស្សមកចូលរួមកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ទាំងនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ព្រះគ្រូខេន ឡូត ព្រះចៅអធិការវត្តបារាយណ៍ មានថេរដីកាឱ្យដឹងថា:
ពិធីប្រណាំងគោ ក្របីនិងសេះ គឺមានអាយុកាលរាប់រយឆ្នាំមកហើយតាំងពីព្រះអង្គនៅក្មេងហើយឪពុកម្ដាយតែងតែដំណើរប្រាប់រឿងនេះ ឱ្យបានដឹងពីទំនៀមទម្លាប់ល្អរបស់ដូនតា។ គ្រាដែលនៅជាគ្រូសូត្រស្ដាំគង់នៅវត្តបារាយ៏នេះព្រះអង្គតែងតែឃើញគណៈកម្មការអាចារ្យវត្តរួមទាំងលោកមេឃុំបារាយ៏
បានរៀបចំបង្កើតនៅព្រឹត្តិការណ៍សប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងខ្លះទៀតអញ្ជើញមកពីតំបន់ជុំវិញ ដោយមានក្មេងចាស់ប្រុសស្រីចូលរួមច្រើនកុះករ។
ព្រះចៅអធិការវត្តបារាយណ៍មានថេរដីកាបន្តឲ្យដឹងទៀតថា ជាក់ស្ដែងចំពោះសត្វក្របី មិនអាចឱ្យរត់ប្រណាំងនៅពេលថ្ងៃបាននោះទេនេះជាទំនៀមទម្លាប់មួយគឺតែងតែធ្វើឡើងនៅពេលព្រឹក ចំពោះពិធីនេះធ្វើឡើងយ៉ាងយូរម៉ោង៨ព្រឹកនិងត្រូវចប់។ ជាក់ស្ដែងនៅព្រឹកមិញនេះបានធ្វើឡើងនៅបរិវេណមុខវត្តបារាយណ៍ គឺមានការចូលរួមពីលោកមេឃុំ អភិបាលស្រុកស្រីសន្ធរ រួមទាំងមន្ត្រីផ្សេងទៀត ហើយការប្រណាំងបំបោលរទេះគោ ក្របីមិនមែនធ្វើឡើងក្នុងគោលបំណងឈ្នះចាញ់នោះឡើយ។
ចំពោះអ្នកដែលបានចូលរួមប្រណាំងនេះគឺមានការផ្ដល់ថវិកាលើកទឹកចិត្ត ព្រោះថាតាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ដែលមានគោ ក្របីនិងសេះក្នុងមួយឆ្នាំម្ដងចំថ្ងៃបុណ្យចូលឆ្នាំឡើងស័ក ត្រូវយកសត្វរបស់ខ្លួនដើម្បីមកចូលរួមប្រណាំងគ្នា ។មួយទៀតបើសិនជាពួកគាត់ដែលមានសត្វទាំងបីប្រភេទនេះមិនបានយកមកចូលរួមកម្មវិធីទេនោះនៅមិនសុខរសាប់រសល់ក្នុងចិត្តលុះពេល ដែលបានចូលរួមគឺក្នុងចិត្តបានជ្រះថ្លាហ្នឹងមានភាពសប្បាយរីករាយទៀតផង។
ព្រះចៅអធិការវត្តបារាយណ៍បានបញ្ជាក់ថាវត្តបារាយណ៍នេះគឺបានកកើតជាយូរឆ្នាំមកហើយនិងមានបារមីពូកែសូម្បីតែស្ត្រីមានផ្ទៃពោះក៏មិនហ៊ានដើរមុខព្រះភ័ក្រ្តរបស់ព្រះអង្គដែលនៅក្នុងព្រះវិហារ បើពុំនោះទេនឹងមានបញ្ហា។ ដោយសារតែមានភាពល្បីល្បាញបារមីពូកែនោះបានធ្វើឲ្យអ្នកតូចអ្នកធំទាំងនៅទីជិតទីឆ្ងាយតែងតែនាំគ្នាមកគោរពបូជាថ្វាយបង្គំព្រះអង្គ។ ព្រះចៅអធិការលើកឡើងថាការរៀបចំឲ្យមានពិធីប្រណាំងសត្វទាំងបីប្រភេទនេះគឺរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរពីបុរាណកាល មិនឲ្យបាត់បង់គឺត្រូវរក្សាឲ្យបានគង់វង្សទៅថ្ងៃអនាគត សម្រាប់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនិងប្រតិបត្តិតាមចាស់ទុំ។
បើតាមប្រវត្តិនិយាយតៗគ្នាមកថាវត្តបារាយណ៍នេះមានបារមីពូកែសូម្បីតែយន្តហោះដែលប៉ងទម្លាក់គ្រាប់បែកកម្ទេចវត្តអារាមនេះ គឺរកមិនឃើញហាក់បីដូចជាមានអ្វីមកបាំងភ្នែកអ្នកបើកយន្តហោះ ទើបវត្តអារាមនេះបានរក្សានៅសមិទ្ធិផលរហូតមកដល់សព្វថ្ងៃ ដែលធ្វើឲ្យពុទ្ធបរិស័ទជិតឆ្ងាយមានជំនឿគ្រប់ៗគ្នា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី










