សិង្ហបុរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំសិង្ហបុរី បានពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ ប្រកបដោយភាពស្និទ្ធស្នាល សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
នាឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី បានលើកឡើងពីកម្មវិធីសិក្សានៅប្រទេសសិង្ហបុរីរួមមានប្រព័ន្ធអប់រំទូទៅ និងសញ្ញាបត្រអន្តរជាតិ ដោយបានរំលេចពីការអនុវត្តនានារួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សា ការអនុញ្ញាតឱ្យសិស្សជ្រើសរើសកម្រិតសិក្សានៃមុខវិជ្ជាផ្អែកលើចំណូលចិត្តនិងសមត្ថភាព ភាពខុសគ្នានៃចំនួនសិស្សស្តង់ដាក្នុងថ្នាក់រៀន ការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិធីសាស្រ្តបង្រៀន និងសាលារៀនដែលអាចបំពេញតម្រូវការពិសេសសម្រាប់សិស្សនិងជំនួយដល់ការបង្រៀនរបស់គ្រូជាដើម។
ក្នុងឱកាសនេះដែរ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏លើកឡើងពីការអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃការសិក្សារបស់សិស្ស (PISA) នៅប្រទេសកម្ពុជា ដែលជាតេស្តអន្តរជាតិមួយប្រើប្រាស់ក្នុងការវាយតម្លៃប្រព័ន្ធអប់រំ ដោយផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដែលជាសូចនាករសមិទ្ធកម្មគន្លឹះ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា
តាងនាមក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋាភិបាលសិង្ហបុរី ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរប្រមាណ៦០ឆ្នាំមកនេះ និងបានលើកឡើងបន្ថែមពីអាទិភាពចំនួន ៣ របស់ក្រសួងអប់រំយុវជន និងកីឡាកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូសិក្សា និងប្រសិទ្ធភាពនៃការសិក្សា ដែលរួមមាន៖ ១) កំណែទម្រង់សាលារៀន ២) ការពង្រឹងការបណ្តុះបណ្តាលគ្រូ និង ៣) ការកែលម្អវិធីសាស្រ្តបង្រៀន៕ រក្សាសិទ្ធដោយ៖សុទ្ធលី






