Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារកង្វះទំនុកចិត្តរបស់សាធារណជន មកលើសេវាធានារ៉ាប់រង

ភ្នំពេញ ៖ ក្នុងវេទិកាចែករំលែកព័ត៌មាន អំពី”បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយក្លិបអ្នកកាសែតកម្ពុជា”
នាថ្ងៃអង្គារ ទី២២ ខែមេសា គ.ស.២០២៥ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា វិស័យធានារ៉ាប់រង ជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យ ជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា និងជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាម“យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស មុំ ទី៥ ដែលសំដៅលើ “ការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ឱ្យកាន់តែមានស័ក្ដិសិទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាបន្ន, ពិពិធភាព និង ភាពទំនើបតាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាពស្ថាប័ន និងអក្ខរកម្ម
ហិរញ្ញវត្ថុ និង លើកស្ទួយឌីជីថលភាវូបនីយកម្មក្នុងវិស័យហិរញ្ញវត្ថុ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងថា ជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយសម្រេចបានកំណើនទីផ្សារធានារ៉ាប់រងក្នុងអត្រាជាមធ្យមប្រមាណ២០% ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ។
សម្រាប់ឆ្នាំ២០២៤ ទំហំទីផ្សារកើនឡើងដល់ប្រមាណ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ១,២ ប៊ីលានដុល្លារអាម៉េរិក, និងមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨,ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។

ឯកឧត្តមអគ្គនាយក បានបន្តទៀតថា ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមួយចំនួនផ្សេងទៀតផងដែរ រួមមាន ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤។ ទីផ្សារធានារ៉ាប់រងកម្ពុជាមានផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ ដូចជា ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងវិស្វកម្ម ធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ចលើយានយន្ត, ការដឹកជញ្ជូនអ្នកដំណើរ, និងការដ្ឋាន ជាដើម រហូតដល់មានធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។
ផលិតផលទាំងនេះ ត្រូវបានចែកចាយផ្ទាល់តាមរយៈបុគ្គលិកក្រុមហ៊ុនគ្រប់សាខា ជើងសារធានារ៉ាប់រងភ្នាក់ងារធានារ៉ាប់រងទាំងរូបវន្តបុគ្គល និងនីតិបុគ្គលមានដូចជា ធនាគារ ជាដើម។ លើសពីនេះផលិតផលធានារ៉ាប់រងក៏ត្រូវបានចែកចាយតាមប្រព័ន្ធអនឡាញផងដែរ ដូចជា ប្រព័ន្ធទូរសព្ទ គហទំព័ររបស់ក្រុមហ៊ុន និង Platformផ្សេងៗ។

យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ប្រសិនបៀបធៀបនឹងទំហំសេដ្ឋកិច្ចជាតិ ទីផ្សារធានារ៉ាប់រងកម្ពុជា រួមចំណែកតែប្រមាណ ១.១៣% ដោយមនុស្សម្នាក់ៗប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែជាង ២០ដុល្លារអាម៉េរិក ប៉ុណ្ណោះ។ ការណ៍នេះបានបង្ហាញឱ្យឃើញថាទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដែលបណ្ដាលមកពីកត្តាមួយចំនួនដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះទំនុកចិត្តរបស់សាធារណជនមកលើសេវាធានារ៉ាប់រង។ ជាការពិត បញ្ហាទាំងនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ដែលមាន និយ័តករធានារ៉ាប់រងកម្ពុជា ជាសនាធិការ និងការចូលរួមពីសំណាក់គ្រឹះស្ថានធានារ៉ាប់រង និងស្ថាប័នឬអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ជ្រាបការយល់ដឹងស្តីពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងអក្ខរកម្មធានារ៉ាប់រងជូនសាធា-រណជនឱ្យបានទូលំទូលាយ ដើម្បីកសាងទំនុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាធានា-រ៉ាប់រង។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា យ៉ាងណាម៉ិញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសេវាធានារ៉ាប់រង និងបង្កើនជំនឿទុកចិត្តរបស់សាធារណជន តួនាទីរបស់អស់លោក/លោកស្រីជាការីនិពន្ធ និងអ្នកសារព័ត៌មាន ពិតជាមិនអាចខ្វះបានក្នុងការចម្លងចំណេះដឹងអំពីសេវាធានារ៉ាប់រងជូនដល់ប្រជាពលរដ្ឋ តាមរយៈអត្ថបទចុះផ្សាយ និងសាព័ត៌មានអំពីសេវាធានារ៉ាប់រង ដែលមានខ្លឹមសារច្បាស់លាស់និងត្រឹមត្រូវទាំងខ្លឹមសារ និងអត្តន័យក៏ដូចជាវគ្គសព្ទប្រើក្នុងវិស័យធានារ៉ាប់រង។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានសំណូមពរដល់ក្លឹបអ្នកការសែត ការីនិពន្ធ និងអ្នកសារព័ត៌មានទាំងអស់ មេត្តាបន្តជួយគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា ក្នុងការជំរុញការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងពង្រីកការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជាប្រកបដោយបរិយាប័ន្ន ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសំណាញ់សុវត្ថិភាពសង្គម កាត់បន្ថយភាពក្រីក្រ និងទទួលបានចំណូលខ្ពស់តាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី