រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានចេញផ្សាយសេចក្តីសម្រេចចុងក្រោយក្នុង ករណីស៊ើបអង្កេតឧបាស្រ័យពាណិជ្ជកម្ម លើការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធន លើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ដូចខាងក្រោម៖
ករណីកម្រិតនៃការលក់បង្អួចថ្លៃ
- ក្រុមហ៊ុន Hounen Solar ១២៥,៣៧%
- ក្រុមហ៊ុន Solar Long PV Tech ១២៥,៣៧%
- ក្រុមហ៊ុនផ្សេងៗទៀត ១២៥,៣៧%
ករណីកម្រិតនៃការឧបត្ថម្ភធន
- ក្រុមហ៊ុន Solarspace ៥៣៤,៦៧%
- ក្រុមហ៊ុន Jintek ៣.៤០៣,៩៦%
- ក្រុមហ៊ុន Hounen Solar ៣.៤០៣,៩៦%
- ក្រុមហ៊ុន Solar Long PV-Tech ៣.៤០៣,៩៦%
- ក្រុមហ៊ុន ISC Cambodia ៣.៤០៣,៩៦%
- ក្រុមហ៊ុនផ្សេងៗទៀត ៥៣៤,៦៧%
ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជានីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាម៉េរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាម៉េរិក។ ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯកជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ។
ករណីនេះពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





