ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសជំនួបនេះ, ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍនិងរីកចម្រេីន ផងដែរ។ ឯកឧត្តមមេបញ្ជាការបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររបស់ឯកឧត្តម ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់ និងការសិក្សារៀនសូត្រទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនថា កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ជាពិសេសលើការបណ្តុះបណ្តាល, លំហាត់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








