Wednesday, April 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

បន្ទាយមានជ័យ: នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ស.ស.ភ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរាយការណ៍មកថា គាត់បានតាមទាន់កូនស្រីបង្កើតឈ្មោះ ភ .ក.ញ អាយុ១៤ឆ្នាំ កំពុងតែដេកនៅផ្ទះសំណាក់ ពៅ ពិសី ជាមួយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានរត់គេចខ្លួនពេលដែលរូបគាត់បានទៅដល់។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទូច តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចឃ្លាំងលក់ដែក លឹម សេងហួរ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាមួយកូនស្រីដេីមបណ្តឹងឈ្មោះ ភ.ក.ញ បានស្គាល់គ្នាតាមរយៈមិត្តភត្តិ ក្នុងថ្ងៃសង្ក្រាន្តពេលចូលឆ្នាំ ដោយឃេីញជនរងគ្រោះសេីម ក៏បបួលទៅបន្ទប់របស់ខ្លួន និងបានឱ្យជនរងគ្រោះផ្លាស់សម្លៀកបំពាក់សេីមចេញ ហេីយក៏បានដេកជាមួយគ្នា ឃើញឱកាសល្អខ្លួនក៏បានស្ទាបអង្អែលជនរងគ្រោះ នឹងបានរួមរ័កជាមួយគ្នា បានច្រេីនដងផងដែរ។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យ ឃើញថាពិតជាមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយរងការចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ពិតប្រាកដមែន។

ដោយផ្អែកលេីបណ្ដឹង និងចម្លេីយសារភាពរបស់ជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី