ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា: កាលពីចុង ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវស៊ើបអង្កេត ប្រមូលបានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាង សុខឃាង ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរ អនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ ដោយ យោងតាមចម្លើយសារភាព និងភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលអំពើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។
សូមបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលចុះផ្សាយនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់ សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

