Thursday, April 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងអំពីសារៈសំខាន់ នៃយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នឹងក្លាយជាការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ក្នុងសង្គមឌីជីថល

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផល ដែលត្រូវបានលើកយកមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាឌីជីថលថ្មី នាពេលនេះ សំដៅជំរុញការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិក, មានន័យថា ការអភិវឌ្ឍសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨ នឹងក្លាយជាឯកសារបង្ហាញផ្លូវ ដល់ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដើម្បីរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ” យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥ – ២០២៨ ” នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិ ច្ចនិងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ , លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ការដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨” គឺជាការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ច ដែលចូលរួមកែលម្អបរិយាកាសធុរកិច្ច និងការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា។ ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ច គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូររបៀបគិត និងរបៀបធើ្វការរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យស្របទិសដៅ ក្នុងប្រទេស តំបន់ និងពិភពលោក ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា នឹងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យក្លាយជាសង្គមឌីជីថលក្នុងឆ្នាំ២០៣៥។

គួរជ្រាបដឹងថា ” យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥ – ២០២៨ ” ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងចាំបាច់ ដើម្បីប្រសិទ្ធភាពស័ក្ដិសិទ្ធភាព នៃដំណើរការ ពាណិជ្ជកម្ម-វិនិយោគ-ធុរកិច្ច , ហើយក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចនេះ មានតួនាទី និងភារកិច្ច ដូចតទៅ ÷

  • សិក្សាសម្រួលនីតិវិធី កម្រៃសេវា និងលក្ខខណ្ឌតម្រូវនៃសេវាសម្រាប់ធុរកិច្ច ,
  • សម្របសម្រួលដាក់បញ្ចូលសេវាសម្រាប់ធុរកិច្ចក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ,
  • រៀបចំយុទ្ធសាស្ត្រជំរុញឌីជីថូបនីយកម្ម សេវាពាក់ព័ន្ធនឹងធុរកិច្ច ,
  • ដឹកនាំ សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលមានលក្ខណៈអន្តរស្ថាប័ន ពាក់ព័ន្ធនឹងសេវាសម្រាប់ធុរកិច្ច ,
  • ដាក់ឱ្យអនុវត្តនូវយន្តការ និងថ្នាលបច្ចេកវិទ្យាព័ត៌មានក្នុងការផ្ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ,
  • ពិនិត្យ តាមដាន និងវាយតម្លៃនៃប្រសិទ្ធភាពរបស់នីតិវិធី យន្តការ និងប្រព័ន្ធដែលបានដាក់ឱ្យអនុវត្ត ,
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីរាជរដ្ឋាភិបាល ,
  • ក្រុមការងារមានសិទ្ធិអញ្ជើញភាគីពាក់ព័ន្ធនិងវិស័យឯកជនចូលរួមប្រជុំតាមការចាំបាច់៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN