នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្រ្តស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥ – ២០២៨” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលបានរៀបចំនូវឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ដែលជាផ្នែកមួយក្នុងការជំរុញ និងការកែលម្អសេវាសាធារណៈ ឱ្យកាន់តែមានភាពល្អប្រសើរ ឆ្លើយតបទៅនឹងភាពប្រកួតប្រជែង និងតម្រូវការរបស់អ្នកវិនិយោគ និងពាណិជ្ជករគ្រប់រូបក្នុងបរិបទនិន្នាការសកល និងតំបន់ បានជំរុញការផ្តល់សេវាអេឡិចត្រូនិច សម្រាប់ធុរកិច្ចកាន់តែទូលំទូលាយ ដើម្បីទាក់ទាញការវិនិយោគ និងសម្រួលដល់ការធ្វើធុរកិច្ច។
ក្នុងនាមក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា នៅដើមនីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបង្កើតអនុគណៈកម្មការបច្ចេកទេសចំនួន៤ ដែលក្នុងនោះអនុគណៈកម្មការបរិវត្តកម្ម សេវាសាធារណៈ និងនវានុវត្តន៍ មានតួនាទីភារកិច្ច ក្នុងការធ្វើបច្ចុប្បន្នភាពអំពីព័ត៌មាន និងទិន្នន័យនៃសេវាសាធារណៈរបស់ក្រសួង ស្ថាប័ន តាមដាន ត្រួតពិនិត្យ និងផ្តល់អានុសាសន័ កែលម្អនីតិវិធី ឬយន្តការក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន ជាពិសេសការជំរុញបរិវត្តកម្មសេវាសាធារណៈរបស់ក្រសួង ស្ថាប័ន ទៅជាសេវាអេឡិចត្រូនិច។ អនុគណៈកម្មការបរិវត្តកម្ម សេវាសាធារណៈ និងនវានុវត្តន៍ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានចូលរួមយ៉ាងសកម្មក្នុងការពិគ្រោះយោបល់តាំងពីដំណាក់កាលដំបូង ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងការរៀបចំយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨ នេះ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងក្របខណ្ឌជវភាពនៃប្រព័ន្ធតួអង្គតែមួយ ការដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពទំនើប សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន អ្នកវិនិយោគ ពាណិជ្ជករ និងអ្នកធ្វើធុរកិច្ចគ្រប់រូប តាមរយៈការកែលម្អសេវា ពីរបៀបនៃការអនុវត្តបែបប្រពៃណី ទៅជាការអនុវត្តតាមបែបអេឡិចត្រូនិច។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នឹងចូលរួមសហការ គាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញនីតិវិធី និងការផ្តល់សេវាកាន់តែមានភាពប្រសើរឡើងនៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់ថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ប្តេជ្ញាយ៉ាងមុតមាំបំពេញបេសកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈក្រសួង ស្ថាប័ន ចូលរួមកែលម្អនីតិវិធី និងយន្តការក្នុងការផ្តល់សេវាធារណៈ ការធ្វើបច្ចុប្បន្នភាពអំពីព័ត៌មាន និងទិន្នន័យនៃប្រភេទសេវារបស់ក្រសួង ស្ថាប័ន ជាពិសេសចូលរួមសហការស្អិតរមួតជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់សេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
សូមជម្រាបថា ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួម និងធ្វើរបាយការណ៍ដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ព្រមទាំងមានការធ្វើបទបង្ហាញស្តីពី យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨ ដោយឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី”តេជោ” និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។
ពិធីនេះក៏មានវត្តមានចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធ ស្ថានទូត និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគមន៍៕រក្សាសិទ្ធដោយ៖សុទ្ធលី










