ភ្នំពេញ ៖ នារសៀល ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំ ដោយ ឯកឧត្តម TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយជប៉ុន ដែលអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជួយស្តារ និងកសាងប្រទេសកម្ពុជា ជាពិសេស ការផ្តល់ជំនួយ បច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា អ្នកជំនាញការJICA រយៈពេលវែង ប្រចាំអគរ ការផ្តល់ជូនកម្មវិធីកសាងសមត្ថភាពធនធានមនុស្ស រួមទាំងកម្មវិធីថ្នាក់អនុបណ្ឌិត GRIPS កម្មវិធីកម្មសិក្សារបស់មន្ត្រីអគរនៅការិយាល័យទំនាក់ទំនងព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (RILO A/P) នៅក្រុងតូក្យូប្រទេសជប៉ុន ព្រមទាំងការផ្តល់កិច្ចគាំទ្រលើគម្រោងពង្រឹងប្រសិទ្ធភាពនិងសមត្ថភាពរដ្ឋបាលគយសម្រាប់តភ្ជាប់ក្នុង តំបន់មេគង្គ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលគយជប៉ុនដែលបានផ្តល់ការគាំទ្រ និងការទទួលស្គាល់សាលាជាតិគយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការ WCO កន្លងមក។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់បន្ថែមពីទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលសមិទ្ធផលផ្លែផ្កាទាំងនេះគឺជាលទ្ធផលនៃទំនាក់ទំនង សហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម TAKAMURA Yasuo អគ្គនាយកនៃរដ្ឋបាលគយជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមអគ្គនាយក បានកោតសរសើរពីការអនុវត្តកម្មវិធីកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (សាលាជាតិគយ)។
ឯកឧត្តមក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគយក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអង្គការគយពិភពលោក ព្រមទាំង គម្រោងអនុវត្តប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងលទ្ធផលនៃការបង្រ្កាបបទល្មើសគយ ដោយប្រើប្រាស់នាវាល្បាតពីរគ្រឿង ដែលរដ្ឋបាលគយជប៉ុនផ្តល់ជូនរដ្ឋបាលគយកម្ពុជាកន្លងមក។
លើសពីនេះទៀត ដើម្បីពង្រឹងនិងលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពជំរុញពន្លឿនការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







