Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាស្តីពី “ការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត”

រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត” នៅសាលប្រជុំនៃវិទ្យាស្ថានជាតិសង្គមកិច្ច ដែលបានរៀបចំវគ្គសិក្ខាសាលាដោយក្រុមការងារនៃវិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការ HAGAR ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការ IJM ដើម្បីបណ្តុះបណ្តាលមូលធនមនុស្សឆ្លើយតបនឹងតម្រូវការនៃការវិវឌ្ឍរបស់សង្គមជាតិ។

សិក្ខាសាលានេះមានការចូលរួមពីលោកស្រី សុភា កន្និដ្ឋា អគ្គនាយករងសេវាសង្គមកិច្ច លោកស្រី សំ ស្រីណា នាយិកាអង្គការមូលនិធីហាការ (HAGAR) អន្តរជាតិប្រចាំកម្ពុជា លោក លោកស្រីតំណាងអង្គភាពនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ប្អូនៗនិស្សិត និងសហការី សរុបចំនួនជិត ៣០០នាក់។

ដោយទទួលបានការយកចិត្តទុក្ខដាក់ជំរុញ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល អណត្តិទី៧ និងជាពិសេស ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច វិទ្យាស្ថានជាតិសង្គមកិច្ចបានខិតខំបង្កើន និងពង្រឹងសមត្ថភាពជំនាញក្នុងវិស័យសង្គមកិច្ច ក្នុងនោះរួមមានជំនាញថែទាំ និងប្រឹក្សាយោបល់ដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត ទៅក្នុងកម្មវិធីសិក្សា។

ហើយដើម្បីឆ្លើយតបក្នុងស្តង់ដាអន្តរជាតិនៃវិជ្ជាជីវៈសង្គមកិច្ចពិភពលោក ការរំពឹងទុក្ខរបស់វិទ្យាស្ថានជាតិសង្គមកិច្ចចំពោះសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត (TIC) មានដូចតទៅ៖
១-ចំពោះសាស្ត្រាចារ្យ ពួកគាត់អាចបង្កើតមាតិការសិក្សាដែលអាចសម្របសម្រួល បង្កើតមេរៀន ឧបករណ៍សិក្សា និងសកម្មភាពសិក្សាផ្សេងៗ ដែលគាំទ្រចំពោះនិស្សិតដែលមានការប៉ះទង្គិចផ្លូវចិត្តជាពិសេស។ ទាំងនេះ ជាការយកចិត្តទុក្ខដាក់ខ្ពស់របស់សាស្ត្រាចារ្យក្នុងការអនុវត្តការបង្រៀន ទាំងទ្រឹស្តី និងមនោសញ្ចេតនាក្នុងការបង្រៀនបានល្អ។
២- ចំពោះបុគ្គលិក បុគ្គលិកវិទ្យាស្ថានអាចផ្តល់សេវាកម្មនិស្សិតបានល្អប្រសើរ ព្រោះគាត់អាចយល់ពីរបួសស្នាមផ្លូវចិត្តរបស់និស្សិត និងផ្តល់ការគាំទ្រផ្សេងៗដោយមនោសញ្ចេតនា។ វិធីសាស្ត្រនេះ ក៍អាចជួយដល់ការគោរពវិន័យ ក្រមសីលធម៌ ការនិយាយស្តីសមរម្យរវាងគ្នានឹងគ្នា និងជំរុញអោយសិស្សមានភាពកក់ក្តៅក្នុងការរៀនសូត្រ កាត់បន្ថយការរត់ចោលសាលា (drop-out) និងបង្កើនប្រសិទ្ធភាពរៀនសូត្របានល្អប្រសើរ។
៣- ចំពោះនិស្សិត ពួកគេអាចយល់ពីវិបត្តិផ្លូវចិត្ត និងការថែទាំផ្លូវចិត្តខ្លួនឯង ក្រៅពីនេះ និស្សិតអាចអភិវឌ្ឍជំនាញវិជ្ជាជីវៈស្តីពីការប៉ះទង្គិចផ្លូវចិត្ត ដើម្បីចាប់យកគុណតម្លៃ ចេះស្គាល់តម្លៃ និងចេះគាំទ្រលើកទឹកចិត្តជនរងគ្រោះដទៃទៀតដោយប្រើប្រាស់វិធីសាស្ត្រតាមការបណ្តុះបណ្តាលដែលមិនបង្កបន្ថែមភាពរងគ្រោះ តែបង្កើនមនោសញ្ចេតនា ការគោរពសិទ្ធ និងការសហការទទួលខុសត្រូវបានល្អប្រសើរជាងមុន។

ជាការពិតណាស់ យើងអាចសន្និដ្ឋានថា នៅកម្ពុជា បញ្ហាសុខភាពផ្លូវចិត្ត មិនទាន់មានការផ្សព្វផ្សាយទូលំទូលាយ ជាពិសេសចំនួននៃអ្នកជំនាញផ្នែកការប៉ះទង្គិចផ្លូវចិត្តមានតិចតួច ហើយនៅតែតំបន់ទីប្រជុំជនភាគច្រើន បន្សល់ទុក្ខនៅបញ្ហាតម្រូវការនៅជនបទជាង ៦០% នៃប្រជាជនកម្ពុជាទាំងមូល ដែលមិនអាចឆ្លើយតបបញ្ហាប្រឈមនៃសង្គមកម្ពុជានាបច្ចុប្បន្ននៅឡើយ។

ហេតុនេះ យើងត្រូវពង្រឹងវិធីសាស្ត្រផ្សព្វផ្សាយស្តីពីការប៉ះទង្គិចផ្លូវចិត្តនៅក្នុងសង្គមកម្ពុជាគឺ៖
១- បណ្តុះបណ្តាលជំនាញ (បង្កើតវគ្គបណ្តុះបណ្តាលសម្រាប់អ្នកជំនាញវិជ្ជាជីវៈផ្សេងៗ ជាប្រចាំ ដើម្បីបន្តអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ជូនដល់អ្នកសង្គមកិច្ច គ្រូបង្រៀន គ្រូពេទ្យ សមាជិកអង្គការមិនមែនរដ្ឋាភិបាល បុគ្គលិកផ្នែកច្បាប់ និងយុត្តិធម៌ជាដើម។
២- ការបញ្ចូលក្នុងកម្មវិធីសិក្សានៅក្នុងសាលា ជាពិសេស ក្នុងវិស័យសង្គមកិច្ច។
៣- ប្រើបច្ចេកទេសវិទ្យាផ្សព្វផ្សាយទូលំទូលាយ (Media and digital outreach)
៣-បង្កើត Video អប់រំ ផុសតាមបណ្តាញសង្គម Facebook, Tik-Tok, YouTube, Radio និងTV នូវការផ្សាយសារ មាតិការដែលងាយយល់អំពីការយល់ដឹងពីប៉ះទង្គិចផ្លូវចិត្ត។ល។
៤- គួរបញ្ចូលការយល់ដឹងពី “ការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត” ទៅក្នុងគោលនយោបាយសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងអប់រំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី