Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៧នាក់ជាថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលពលកររងគ្រោះជាង៣០នាក់តវ៉ា ដោយសារបង់លុយរៀន តែមិនបានទៅធ្វើការនៅកូរ៉េ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំនួន៧នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីម៉ោង១១យប់ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានពលកររងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ដោយសារបានបង់លុយរៀនហើយ តែមិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានក្លែងឯកសារទៀតផង ដូចជាសញ្ញាបត្រទី១២ជាដើម។

ពលកររងគ្រោះមានគ្នាជាង៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលក្នុងម្នាក់ៗ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល៧ខែហើយ នៅតែមិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត។

ការតវ៉ា និងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ តែមិនត្រូវគ្នា រហូតអាជ្ញាធរដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតែម្តង។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ការបន្ត។

មនុស្សទាំង៧នាក់ រួមមាន៖១៖ ឈ្មោះ គុជ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន។ ២៖ ឈ្មោះ គុជ ពិសី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនាយកប្រតិបត្តិសាលា មានទីលំនៅផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ៣៖ ឈ្មោះ រាជ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខE22 សង្កាត់ព្រៃស ខណ្ឌដង្កោ។ ៤៖ ឈ្មោះ ទូច សុភក្រ័ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះE0 ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ៥៖ ឈ្មោះ យឹម សុបុត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ៦៖ ឈ្មោះ ស្រូច ឈឿយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅ ផ្ទះជួ២១ ផ្លូវបេតុង សង្កាត់ឬស្សីកែវ និង៧៖ ឈ្មោះ សេង ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅផ្ទះជូល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

សម្ភារដែលដកហូតរួមមាន៖ សញ្ញាបត្រទុតិយភូមិក្លែងក្លាយចំនួន០៣ច្បាប់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី