Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធម្មការនិងសាសនា ចេញសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យវិសាខបូជា

ភ្នំពេញ ៖ បុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និង ពុទ្ធបរិស័ទទូទាំងពិភពលោកក៏ដូចជាកម្ពុជាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីរម្លឹកនឹកដល់អភិលក្ខិតសម័យ ទាំងបី គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា។ ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។

យោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ០៤/២០២៥ គជបអ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ពិធី បុណ្យវិសាខបូជា ឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំជាផ្លូវការ នៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ដែលមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនអធិក អធម។ ដោយឡែកនៅតាមបណ្តាវត្តអារាមទូទាំងប្រទេសបានរៀបចំពិធីបុណ្យនេះព្រមៗគ្នាដែរ ស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ។

ដើម្បីឱ្យពិធីបុណ្យវិសាខបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖

១-ត្រូវសហការជាមួយសាលាគណ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយពីខ្លឹមសារស្តីពី បុណ្យវិសាខបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋានឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យ នៃពិធីបុណ្យវិសាខបូជា។

២-ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជាឱ្យបានមហោឡារិក ស្របតាមទំនៀម ទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ សម្រាប់នៅតាមបណ្តារាជធានី ខេត្តនីមួយៗ ត្រូវជ្រើសរើស វត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធី បុណ្យវិសាខបូជា ជាផ្លូវការ។

៣-ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ណែនាំដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ គ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ ត្រូវ រៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទសូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋាន ជាដើម។
៤-សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពក្នុងពិធីបុណ្យ និង បំផុសសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា រក្សាឱ្យ បាននូវប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា និងអនុមោទនាយកអានិសង្សរៀងៗខ្លួន។

ទទួលបានសេចក្តីណែនាំនេះ លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅអធិការគ្រប់វត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី