Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ បងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាទិវារំឭកទៅដល់វីរភាពរបស់កម្មករនិយោជិត។ ឆ្នាំនេះ ទិវាពលកម្ម អន្តរជាតិ ១ ឧសភា ត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃ របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពី ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និង ពាណិជ្ជកម្មអន្តរជាតិផងដែរ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ។

តាមរយៈសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាសម្រេចបាន នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដូចត្រូវបានឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវអត្រាកំណើន សេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយអត្រានៃភាពក្រីក្រនិងវិសមភាពសង្គម ការកែទម្រង់ប្រព័ន្ធអប់រំ ការលើកកម្ពស់ សុខភាពសាធារណៈ ព្រមទាំងការពង្រឹងនិងពង្រីកប្រព័ន្ធគាំពារសង្គម។ល។ ក្នុងអំឡុងពេលនៃវិបត្តិជាសកល ជំងឺកូវីដ-១៩ កម្ពុជាក៏បានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការចាកចេញពី វិបត្តិនេះ ប្រកបដោយភាពរឹងមាំ ម្ចាស់ការ និងភាពធន់។

ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិចំនួន ៥ រួមមាន៖ ១. កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ២. កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់និងរឹងមាំ ៣. ប្រជាជន កម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត ៤. ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស និង ៥. កម្ពុជាមាន បរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាព រវាងការអភិវឌ្ឍនិងការ អភិរក្សធនធានធម្មជាតិ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ជាមួយគ្នានេះ ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងបទដ្ឋានអន្តរជាតិខាង ការងារ។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកាអង្គការ វិជ្ជាជីវៈថ្មីចំនួន ៨៩ ដែលបានធ្វើឱ្យអង្គការវិជ្ជាជីវៈឡើងដល់សរុបចំនួន ៦ ៦០០ ក្នុងនោះ សហភាពសហជីព ចំនួន ៤២ សហព័ន្ធសហជីពចំនួន ២៨១ សហជីពមូលដ្ឋានចំនួន ៦ ២៦៥ និងសមាគមនិយោជកចំនួន ១២។

ជាមួយគ្នានេះ ការដោះស្រាយវិវាទការងារក៏ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារ។ ជាក់ស្តែង ក្នុងត្រីមាសទី១ នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួងបានកើនឡើងដល់ ៨៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៤% ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលក៏នឹងបន្តជំរុញឱ្យ មានផែនការសកម្មភាពកាន់តែបុរេសកម្មនិងច្រើនថែមទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាពនិងការទទួល ខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន និងការយល់ដឹងអំពីលក្ខខណ្ឌការងារ សិទ្ធិការងារ អត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគីនីមួយៗអាចបំពេញតួនាទីជាតំណាងឱ្យសមាជិករបស់ខ្លួនបាន កាន់តែល្អ និងមានវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបាន ខិតខំសម្រេចនូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ចំណុច ដែលខ្ញុំបានណែនាំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាឆ្នាំនេះ ក៏មាន ការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ជូនចំពោះសហគ្រាសដែលបានបំពេញ លក្ខណវិនិច្ឆ័យអនុលោមភាពទាំង៨។ ជាមួយគ្នានេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះសហគ្រាសជ័យលាភី និងសូមថ្លែងអំណរគុណចំពោះគ្រប់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត អង្គការវិជ្ជាជីវៈ ដែលបានបន្តចូលរួមក្នុងចលនាជាតិដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយ ចីរភាព និងភាពធន់» សម្រាប់ឆ្នាំនេះ នឹងជួយចូលរួមឱ្យសម្រេចបាននូវសូចនាករគន្លឹះ ដែលបានកំណត់ក្នុង កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ហើយក៏ជាទស្សនវិស័យសម្រាប់ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍ ដៃគូសង្គម អង្គការវិជ្ជាជីវៈ និយោជក និងបងប្អូនកម្មករនិយោជិត រួមគ្នាបន្តលើកកម្ពស់ លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានារបស់បងប្អូន កម្មករនិយោជិតកាន់តែល្អប្រសើរឡើង ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដោយសារតែបម្រែបម្រួលអាកាសធាតុ និងភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសង្គ្រាម ពាណិជ្ជកម្ម។ល។

ខ្ញុំនឹងបន្តចុះជួបបងប្អូនកម្មករនិយោជិត ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលខ្ញុំបាន ដាក់ចេញកន្លងទៅ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្តាប់ឱ្យបាននូវ សំណូមពររបស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាបងប្អូនពលករយើងនៅក្រៅប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី