Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦នេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា

នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប ៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឲ្យសម្រេចបានជោគជ័យ។​ ឯកឧត្តម ក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមព្យូហយាត្រាកងទ័ព។

សម្តេចតេជោ បានអបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម ។ សម្តេចប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ។

សម្តេចតេជោ បានលើកឡើងថា កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជានិងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចតេជោ បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។
សម្តេច បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជានិងវៀតណាមផងដែរ ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ យើងត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។

សម្តេចតេជោ ចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។
សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ៖ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦ លាននាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។

ក្រៅពីពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សា នៅវៀតណាម ហើយវៀតណាមបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ ដែល ឯកឧត្តម សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា វៀតណាម សម្រេចបាន ២០ ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ ។ ឯកឧត្តម បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា និងសន្យា ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការពេញចិត្ត និងបានអរគុណចំពោះការសន្យារបស់ ឯកឧត្កមនាយករដ្ឋមន្រ្តីវៀតណាមក្នុងការសហការនិងគាំទ្រដល់កម្ពុជា។
ដោយឡែកក្នុងចុងបញ្ចប់នៃជំនួប សម្តេចតេជោ បានស្នើឲ្យវៀតណាមគាំទ្រ ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន ។ សម្តេចតេជោ រំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ទីម័រឡេស្តេមិនត្រឹមតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។ ទីម័រឡេស្តេ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុង ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន ៦ ក្នុងចំណោម ៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍ គតិយុត្ត។
សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពវិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ឲ្យទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។ សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំ ជាក្រុម ក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួល កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី