Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃាត់ខ្លួនមុខសញ្ញា ០៣នាក់ មានការផ្ទុះអាវុធដាក់គ្នារវាងជនល្មើសនិងសមត្ថកិច្ច បណ្តាលឲ្យមេខ្លោងម្នាក់របួសធ្ងន់

ស្រុកស្វាយជ្រំ ៖ ក្រោយពេលផ្ទុះអាវុធដាក់គ្នារវាងជនល្មើសនិងសមត្ថកិច្ចរួចមក កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបាន ចាប់ខ្លួនឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់ ដោយក្នុងនោះបណ្តាលឲ្យមេខ្លោងម្នាក់របួសធ្ងន់។ សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីកែឆ្នៃ ពណ៌ខ្មៅចំនួន០១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ឈុត។

នៅថ្ងៃទី២៦.០៤.២០២៥ វេលាម៉ោង០៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុតហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជេត សាមន មេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួស ដឹកនាំដោយលោកវរសេនីយ៍ត្រី សុិន វិសាល មេប៉ុស្តិ៍ការពារព្រំដែនគ្រួស បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង អោយចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ។

ពេលកម្លាំងសមត្ថកិច្ចយើងសហការគ្នាចុះទៅអនុវត្តតាមដីកាមុខសញ្ញាមានដីកាចាប់ខ្លួននោះ ឈ្មោះ អ៊ុច អ៊ាន មានបក្សពួកចំនួន០៣ នាក់ ១.ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីំលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ) ២.ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និង៣ ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅ មួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុនភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និង លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និង មានការអនុញ្ញាត ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អោយសមត្ថកិច្ចយើងដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់មុខសញ្ញា រហូតដល់ម៉ោង១៣.៤៥នាទី ទើបសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់ខាងលើបាន នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបត ទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង បច្ចុប្បន្ន ឈ្មោះអ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែកជនសង្ស័យឈ្មោះមាក សាំសូរិយា និងឈ្មោះនី កក្ដដា សមត្ថកិច្ចយើងបាននាំខ្លួនមកអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ នៅចំពោះសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះអ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចគេ ជាច្រើនលើក ពេលលួចបានជូនកាលបានយក លុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថាឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ ។ សមត្ថកិច្ចយើងបានធ្វើតេស្ដម៉ូតទឹកនោម លើជនសង្ស័យទាំង០២នាក់លទ្ធផល វិជ្ជមាន(+)។

បច្ចុប្បន្ន: សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីកែឆ្នៃ ពណ៌ខ្មៅចំនួន០១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ឈុត ៕រក្សាសិទ្ធដោយ៖សុទ្ធលី