Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការវិនិយោគរបស់ប្រទេសសឹង្ហបុរីនៅកម្ពុជា បានបង្ហាញពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកនៅលើអនាគតនៃប្រជាជន និងប្រទេសទាំងពីរ

ភ្នំពេញ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីសម្ភោធជាផ្លូវការ សមាគមសភាពាណិជ្ជកម្មសឹង្ហបុរីនៅកម្ពុជា _ Singapore Business Chamber in Cambodia Association (SBCCA) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

កម្មវិធីនេះ មានការចូលរួមពី ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា, តំណាងស្ថានទូតឥណ្ឌូនេស៊ី, អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត, លោក Albert Ang ប្រធានកិត្តិយស និងលោក Tan Wee Pin ប្រធានសមាគមសភាពាណិជ្ជកម្មសឹង្ហបុរីនៅកម្ពុជា, ពាណិជ្ជករ និងតំណាងក្រុមហ៊ុន ជាច្រើនទៀត។

ក្នុងកម្មវិធីសម្ភោធផ្លូវការនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងការទូត និងភាពជាដៃគូរវាងប្រជាជននិងប្រទេសកម្ពុជា-សឹង្ហបុរី ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៦៥ នៅលើមូលដ្ឋានដ៏រឹងមាំរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ និងការបន្តផ្លាស់ប្តូរកាន់តែរឹងមាំនិងខ្លាំងក្លា ក៏ដូចជាបន្តជំរុញកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ការវិនិយោគរបស់ប្រទេសសឹង្ហបុរីនៅកម្ពុជា មិនគ្រាន់ត្រឹមតែជាតួលេខប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកនៅលើអនាគតនៃប្រជាជន និងប្រទេសទាំងពីរ។ ជាក់ស្តែងការបង្កើតដាក់ឱ្យដំណើរការនៃសមាគមសភាពាណិជ្ជកម្មសឹង្ហបុរីនៅកម្ពុជា គឺជាសក្ខីភាពមួយរស់រវើកចំពោះអ្វីដែលប្រជាជាតិទាំងពីរអាចសម្រេចបាន និងបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នាដោយមិនខ្លាចការនឿយហត់ ដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា-សឹង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសនឹងក្លាយជាស្ពានមួយយ៉ាងរឹងមាំ និងសំខាន់បំផុត ក្នុងការភ្ជាប់ទំនាក់ទំនង អាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអះអាងគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ជូនចំពោះវិនិយោគិនទាំងអស់ ទទួលបាននូវកិច្ចការពារ ឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ទាប់ និងជំនឿទុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ដើម្បីឱ្យការធ្វើអាជីវកម្មរបស់វិនិយោគិនមានការរីកចម្រើនប្រកបដោយសុចរិតភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី