Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនគ្រួសារ ចៅស្រី តី រួចហើយ

បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ មេសា ២០២៥រួច នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម សេង ទៀង បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដី១កន្លែងមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ២៥ម និង ចំងាយប្រមាណ១,៥គម ចុះពីជើងភ្នំគិរីរម្យ។

ដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចំការដំណាំស្រាប់(ដូចក្នុងវីដេអូ)ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច។ និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ្ញា ពៅ ពន្លក។ ដោយបន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គម នូវការស្វែងរកដីសម្រាប់ធ្វើលំនៅដ្ឋាន និងធ្វើចំការសម្រាប់ក្រុមគ្រួសារចៅស្រី តី រួចមក, ឧកញ្ញា ពៅ ពន្លក ក៏បានសម្រេចចិត្តគោរពផ្ដល់ដីនេះជូន សម្ដេចតេជោ តាមរយៈ ឯកឧត្ដម សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន ស្រីតី ជាកម្មសិទ្ធស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបរទទួលទាន រួមទាំងធ្វើចំការសម្រាប់ចញ្ចឹមជីវភាពរហូតទៅ។

សូមបញ្ជាក់ថា ចៅស្រី ស៊ុន ស្រីតី ជាកុមារីមានអាយុ៤ឆ្នាំ ដែលត្រូវបានគេស្គាល់នៅពេលជួយលក់ផ្កាម្ដាយនៅផ្លូវចូលភ្នំគិរីរម្យ និងបច្ចុប្បន្នកំពុងរស់នៅជាមួយ ឪពុក ម្ដាយ និងបងស្រីប្រុស ចំនួន៥នាក់ ក្នុងផ្ទះដែលជាផ្ទះបងរបស់ឪពុកឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងត្រូវបាន សម្ដេចតេជោ អនុញ្ញាតអោយចូលជួប និងសំណេះសំណាលសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ។ នៅក្នុងការជួប សំណេះសំណាលសួរសុខទុក្ខនេះ សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយផងដែរ។ ក្រៅពីនោះ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងបានណែនាំអោយ ឯកឧត្ដម សេង ទៀង ស្វែងរកដីដែលអាចធ្វើផ្ទះ ប្រកបរបរទទួលទាន និងអាចធ្វើចំការ និងក៏ដូចជាសម្រួលដល់កូនៗងាយស្រួលទៅសាលារៀនផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី