Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋស្លូតត្រង់ស្ដាប់ការណែនាំលិខិតបង្គាប់ការ ឯជនបំពានអាជ្ញា ចូលឈូសឆាយដីវិវាទដើម្បីផ្លាស់ប្ដូរសណ្ឋានបានកាន់កាប់, អ្នកទន់ខ្សោយជាង ៦០គ្រួសារអំពាវនាវរកយុត្តិធម៌ !

ជនមួយក្រុម មិនដឹងថាយល់ដឹងពីច្បាប់ស្រុកដែរ ឬយ៉ាងណានោះទេ ? ពួកគេបានបញ្ជូនគ្រឿងចក្រទៅឈូសឆាយលើដីកំពុងមានទំនាស់ជាង៥០ហិកតា ក្នុងចេតនាចង់ប្ដូរសណ្ឋានដីបំបាត់ភស្តុតាង បើទោះបីប្រជាពលរដ្ឋដែលគោរពច្បាប់នៅមើលថែរក្សាដី មិនហ៊ានធ្វើអ្វីៗលើដីនេះ ចេញទៅប្រាប់ទប់ស្កាត់យ៉ាងណាក៏ដោយ ក៏គេមិនស្ដាប់ដែរ, ជាក់ស្ដែង ប្រជាពលរដ្ឋជាង ៦០គ្រួសារ នៅស្រុកលើកដែក នៃខេត្តកណ្ដាល បានអំពាវនាវទៅកាន់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាលនេះតែម្ដង សូមឱ្យជួយទប់ស្កាត់បន្ទាន់ផង ទៅលើបុគ្គលមួយក្រុមតូច មិនដឹងថាអាងអំណាចអ្វីនោះទេ យកគ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយលើដីកំពុងមានទំនាស់ជាង៥០ហិកតា ទោះពួកគាត់ជាប្រជាពលរដ្ឋបានលើកគ្នាទៅតវ៉ា និងប្ដឹងទៅសាលាស្រុកលើកដែក ឱ្យជួយទប់ស្កាត់យ៉ាងណាក្ដី ក៏ពួកគេមិនខ្លាចរអា និងមិនបញ្ឈប់សកម្មភាពបំពាននោះឡើយ ដូច្នេះហើយ មានតែអំពាវនាវស្នើសុំដល់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់។

អ្នកភូមិម្នាក់ សុំមិនបញ្ចេញឈ្មោះ បានថ្លែងឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះថា ពួកគាត់ជាអ្នកមើលថែដីនេះជូនក្រុមហ៊ុន KTC មកយូរហើយ មិនហ៊ានធ្វើអ្វីលើដីនេះទេ លុះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ស្រាប់តែបុគ្គលមួយក្រុមតូច មានឈ្មោះ វីគី , ឈ្មោះ ហៀង អេងលាង បានធ្វើសកម្មភាពយកគ្រឿងចក្រចូលឈូសឆាយលើដីដែលកំពុងមានទំនាស់នេះទាំងបំពាន និងគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តកណ្ដាលឡើយ, ហើយក្រុមទាំងនោះ ត្រូវបានគេដឹងថា ដឹកនាំដោយឈ្មោះ គ្រី ប៉េងលេង ហៅ ថាត់ ។ ការធ្វើបែបនេះ ប្រជាពលរដ្ឋយល់ច្បាស់ថា ក្រុមបំពានទាំងនោះ ប៉ុនប៉ងផ្លាស់ប្ដូរសណ្ឋានដី លុបបំបាត់លំអានចាស់ ឬភស្តុតាងចោល  ដើម្បីពួកគេមានភាពរឹងមាំក្នុងការរំលោភបំពានកាន់កាប់។

ក្រុមប្រជាពលរដ្ឋបាននិយាយឲ្យដឹងទៀតថា ពេលឃើញពួកទាំងនោះ បានបំពានច្បាប់ស្រុកចូលឈូសឆាយលើដីកំពុងមានទំនាស់បែបនេះ ពួកគាត់បានសុំអន្តរាគមន៍ពីសាលាស្រុកលើកដែកភ្លាម ឱ្យជួយដោះស្រាយទៅតាមយុត្តិធម៌, ហើយរដ្ឋបាលស្រុកលើកដែក បានកោះហៅ ឈ្មោះ គ្រី ប៉េងលេង ហៅ ថាត់ ឱ្យមកប្រជុំរកដំណោះស្រាយ ដោយបានណែនាំឲ្យឈ្មោះនេះបញ្ឈប់សកម្មភាព ឈូសឆាយដីទំនាស់ខាងលើនេះ រង់ចាំការសម្របសម្រួលដោះស្រាយឱ្យបានចប់ស្រួលបួលសិន, ប៉ុន្តែឈ្មោះ ថាត់ នេះ នៅតែមិនស្ដាប់តាមការណែនាំ និងមិនចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយនៅតែបន្តធ្វើសកម្មភាពឈូសឆាយលើទំនាស់លើដីទំនាស់រហូតមកដល់បច្ចុប្បន្ន ព្រោះឈ្មោះនេះអាងថា ខ្លួនមានអ្នកធំនៅពីក្រោយ ដូច្នេះ ខ្លួនមិនខ្លាចអ្នកណាទាំងអស់។

លោក-អ្នក សាធារណជន និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ គួរជ្រាបថា ករណីដីទំនាស់ជាង៥០ហិកតាខាងលើនេះ ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ធ្លាប់បានចេញលិខិតបង្គាប់ការ លេខ០៣៩ ល.ប.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ចាត់តាំងមន្ត្រីឲ្យចុះទៅបំពេញបេសកកម្ម បញ្ឈប់ការឈូសឆាយប្ដូរសណ្ឋានដីចំពោះដីកំពុងមានវិវាទ និងពុំមានការអនុញ្ញាតនេះរួចមកហើយ គឺដីស្ថិតនៅស្រុកកោះធំ ស្រុកលើកដែក និងនៅស្រុកស្អាងខេត្តកណ្ដាល។ ប៉ុន្តែឈ្មោះ វីគី, ឈ្មោះ ហៀង អេងលាង ដែលមានមេការ ឈ្មោះ គ្រី ប៉េងលេង ហៅ ថាត់ នេះ បែរជានាំគ្នាទៅឈូសឆាយលើដីទំនាស់ បំពាននឹងចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលទាំងស្រុងដដែល។ 

ករណីបំពានបែបនេះ ប្រជាពលរដ្ឋជា ៦០គ្រួសារ និងជាអ្នកមើលថែរក្សាការពារដីឲ្យក្រុមហ៊ុន KTC ជាគូវិវាទខាងលើនេះ សូមអំពាវនាវដល់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាមានសមត្ថកិច្ច និងវិធានការជួយអន្តរាគមន៍រកយុត្តិធម៌ផង។

CEN មិនអាចទាក់ទង ឈ្មោះ វីគី, ឈ្មោះ ហៀង អេងលាង និង ឈ្មោះ គ្រី ប៉េងលេង ហៅ ថាត់ ដើម្បីសុំការបំភ្លឺបកស្រាយបានទេ ព្រោះមិនមានអ្នកណាប្រាប់លេខទូរស័ព្ទ, ប៉ុន្តែយើងរង់ចាំការផ្ដល់ឯកសារភស្តុតាងលិខិតស្នាមផ្សេងៗ ដែលបញ្ជាក់អំពីភាពត្រឹមត្រូវរបស់អស់លោកខាងលើ ដើម្បីផ្សាយជូនសាធារណជនបានជ្រួតជ្រាប៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN