ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ២០២៥! អ្នកសារព័ត៌មាន ៨១,៤% នៃអ្នកសារព័ត៌មានដែលបានស្ទង់មតិបានថ្លែងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដែលកាន់តែមានល្អប្រសើរបើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៧៩,៨%។
យោងតាមការស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានចំនួន៤៦៧រូប មាន៨១.៤ភាគរយបានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ។ មាន៧១.៥ភាគរយបានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មានមានភាពល្អប្រសើរ។ របាយការណ៏ដដែលបង្ហាញថា៨៦ភាគរយ អះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានដោយមានសុវត្ថិភាពនិងមានភាពងាយស្រួលប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ របាយការណ៍ចំនួន៨៦ទំព័រនេះចងក្រងឡើងសម្រាប់រយៈពេល១ឆ្នាំ ចាប់ពីខែមេសាឆ្នាំ២០២៤-ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថា នេះជាលើកទី២ដែលកម្ពុជាបានធ្វើការវាស់ស្ទង់លើវិស័យសារព័ត៌មាន ពីសំណាក់អ្នកសារព័ត៌មានជាកូនខ្មែរ និងវាយតម្លៃពីខ្មែរ មិនមែនជាការកំណត់ឬវាយតម្លៃពីបរទេសណាមួយឡើយ។ ក្នុងករណីមានការវាយតម្លៃពីបរទេសជាសិទ្ធិរបស់គេ ប៉ុន្តែមានតែពលរដ្ឋខ្មែរទេដឹងច្បាស់ពីលំហរសេរីភាពសារព័ត៌មានកម្ពុជា។ ពោលសេរីភាពសារព័ត៌មានកម្ពុជាមិនឋិតលើមាត់បរទេសឡើយ។ យ៉ាងណាលោកថាការស្ទង់មតិនេះក៏បានបង្ហាញចំណុចខ្វះខាតដែរគ្មានអ្វីដែលល្អប្រសើរឥតខ្ចោះទេ។ លោកលើកឡើងបែបនេះក្នុងសន្នីសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំ រៀបចំ និងចងក្រង ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។
អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំង ប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារ ព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។ លទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយជាផ្លូវការក្នុង សន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជាយ៉ាងច្រើនកុះករ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើបង្ហាញ ពីលទ្ធផលនៃការសិក្សានិងទិដ្ឋភាពពាក់ព័ន្ធនឹងការវិវត្តធំៗ ក្នុងចំណោមវឌ្ឍនភាពវិស័យព័ត៌មាននិងសោតទស្សន៍សំខាន់ៗ ផ្សេងទៀតគិតចាប់ពីឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ ថា៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយ អ្នក សារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។
ការសិក្សានេះ ក៏ជាកត្តាវាស់វែងតួនាទីនិងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និង ព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ផ្នែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៧១,៨% ក្នុងចំណោមអ្នកស្ទង់មតិទាំងអស់ បានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាន មានភាពល្អប្រសើរ។
អ្នកស្ទង់មតិជាង ៦៨% បានឆ្លើយថាស្ថានភាពឬទង្វើប្រាសចាកក្រមសីលធម៌ បានថយចុះ។ ពាក់ព័ន្ធ សុវត្ថិភាពការងារ អ្នកស្ទង់មតិចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជា អ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះ កម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។
ក្នុងការអនុវត្តការងារ អ្នកសារព័ត៌មានចំនួន ៩៩% នៃអ្នកស្ទង់មតិសរុបបានឆ្លើយឯកភាពថា អ្នកសារព័ត៌មាន មានសិទ្ធិនិងករណីយកិច្ច ត្រូវអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈរបស់ខ្លួន ដោយឯករាជ្យភាព ក្នុងក្របខណ្ឌច្បាប់ស្តីពីរបប សារព័ត៌មាន ប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងដោយមានការទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។ តាមលទ្ធផលនៃការស្ទង់មតិនេះ អ្នកសារព័ត៌មាន ៧៧,៥% បានឆ្លើយថា ខ្លួនបានអនុវត្តវិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងទៀត។
របាយការណ៍នេះ បានបង្កើតជាមូលដ្ឋានស្នូលសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងរៀបចំផែនការយុទ្ធសាស្ត្រ និង តម្រង់ទិសលើការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន ក៏ដូចជាសម្រាប់ឆ្លើយតបទៅនឹងតម្រូវការក្នុងសមរភូមិ សតិអារម្មណ៍ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ធានាសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មានតម្លៃខ្ពស់ផ្តល់ជាគ្រឹះសម្រាប់ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិង សោតទស្សន៍នៅកម្ពុជាយកទៅប្រើប្រាស់ផ្អែកតាមតម្រូវការជាក់ស្តែងក្នុងបេសកកម្មការងាររបស់ខ្លួន ហើយប្រែក្លាយ លទ្ធផលនៃការសិក្សានេះឱ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បីបន្តចូលរួមអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាឱ្យកាន់តែមាន ភាពរីកចម្រើន លេចត្រដែតទាំងលើឆាកជាតិ និងអន្តរជាតិ។
ក្នុងបរិបទបច្ចេកវិទ្យាថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មានក្នុងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង វិស័យព័ត៌មាននិងសោតទស្សន៍ មានជំហ និងឆន្ទៈមុះមុត ក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងការធានាលំហព័ត៌មានឌីជីថល ដែលមានសុវត្ថិភាពសម្រាប់ការពារប្រយោជន៍ ភាពសុខសាន្ត និង អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «ចំពោះមុខនឹងការវិវត្ត និង ការប្រែប្រួលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នេះ វាទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឱ្យស្របនឹង និន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា។ កិច្ចការទាំងនេះមាន សារៈសំខាន់ណាស់ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពប្រកួតប្រជែង គោរព ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ”។
ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការអនុវត្តការងារ និងកិច្ចសហការជាមួយ ប្រតិបត្តិករ ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈសារព័ត៌មាន ប្រសិទ្ធភាព និងនិរន្តរភាពនៃ ប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការគាំពារសង្គមនិងក្នុងផ្លូវច្បាប់ រៀបចំលិខិត បទដ្ឋានដើម្បីគាំទ្រការគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យកាន់តែប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











