ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថាថ្មីៗនេះមានការការផ្សព្វផ្សាយថា មានករណីសិស្សសាលាឯកជន១ ប្រឡែងគ្នាចាប់ចាក់ក្រឡេកនិងឡើងសង្កត់ពីលើទៅលើសិស្ស០១នាក់បណ្តាលឲ្យរហូតដល់គាំង០១លើក នៅថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ នៅចំណុចសាលាឯកជន១ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីដំណើររឿងយ៉ាងដូច្នេះថា ៖ នៅថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ ក្រោយកើតមានបញ្ហាខាងលើ ម្តាយរបស់ក្មេងរងគ្រោះ បាននាំកូនប្រុស មកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នឹងបានប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់(ជនរងគ្រោះ) ត្រូវសិស្សរួមថ្នាក់មានគ្នាប្រហែល០៥ ទៅ០៦នាក់ បានចាប់កូនប្រុសគាត់ច..ងដៃ ជើង ចាក់ក្រឡេករហូតដល់គាំងចូលសម្រាកមន្ទីរពេទ្យ និងបានសំណូមពរឲ្យសមត្ថកិច្ច ទៅសាលា ដើម្បីសុំពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពក្នុងសាលា ។ខណៈនោះសមត្ថកិច្ចនិងម្តាយនិងកូនប្រុសបានទៅដល់ សាលា ដោយខាងសាលាសំណូមពរថា បញ្ហានេះខាងសាលាសូមដោះស្រាយគ្នាផ្ទៃក្នុងដោយមិនអនុញ្ញាតឲ្យសមត្ថកិច្ចចូលក្នុងសាលាទេ ខ្លាចភ្ញាក់ផ្អើលដល់សិស្សដទៃទៀត ក្នុងពេលនោះម្តាយ និងកូនប្រុសក៏យល់ព្រមតាមសំណើររបស់សាលា ។
លុះដល់ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ក៏ស្រាប់តែឃើញ ម្តាយនិងកូនបានសម្ភាសន៍ជាមួយអ្នកសាព័ត៌មាន កើតទុក្ខមិនសុខចិត្តអំពីដំណោះស្រាយរបស់សាលា ។ បន្ទាប់មកសមត្ថកិច្ច បានទូរស័ព្ទប្រាប់គាត់ថា បើចង់ដាក់ពាក្យបណ្តឹង ខាងមន្ត្រីប៉ុស្តិ៍រងចាំធ្វើការងារជូន និងបានសួរឈ្មោះគាត់ , ឈ្មោះកូនប្រុសគាត់ , ឈ្មោះមន្ទីពេទ្យដែលកូនគាត់សម្រាកព្យាបាលគាត់បានប្រាប់ថា អ្វីៗគ្រប់យ៉ាងចាំគាត់ពិភាក្សាជាមួយមេធាវីគាត់សិន ទើបគាត់មកដាក់ពាក្យបណ្តឹង ។ចំពោះករណីនេះបើម្តាយក្មេងរងគ្រោះកើតទុក្ខមិនសុខចិត្ត គឺសមត្ថកិច្ចរងចាំទទួលសហការដើម្បីធ្វើការងារជូន៕ រក្សាសិទ្ធដោយ៖សុទ្ធលី


