ខេត្តក្រចេះ : នាព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
អញ្ជើញចូលរួមក្នុងពីធីរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ស្អាត និងអនាម័យជនបទទាំង ២៥រាជធានី-ខេត្ត , តំណាងដៃគូអភិវឌ្ឍន៍, អង្គការជាតិ អន្ដរជាតិ, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១ ៥០០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ពីសំណាក់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងតំណាងអង្គការដៃគូ អង្គការទស្សនៈពិភពលោកអន្ដរជាតិរួចមកឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តក្រចេះសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តលើកឡើងទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីពី កម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួងក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី



















