ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥៖ ពិធីសម្ពោធ និងការតាំងពិព័រណ៍នៃផលិតផលសម្គាល់ភូមិសាស្រ្ត សម្រាប់គម្រោងកម្មសិទ្ធិបញ្ញា ផលិតផល និងស្នាដៃសិល្បៈ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។
ស្ថិតក្រោមមូលបទ «កម្មសិទ្ធបញ្ញានិងតូរ្យតន្រ្តី» ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះឡេីង ដេីម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញាជាសកល។
នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា កម្មសិទ្ធិបញ្ញាក៏ជាការងារសំខាន់ដែលក្រសួងយកចិត្តទុកដាក់។ តាមរយៈទាមទារការចុះបញ្ជីកម្មសិទ្ធិបញ្ញាលើប្រភេទពូជដំណាំរបស់កម្ពុជា កសិផលកម្ពុជា មិនត្រឹមតែអាចទទួលបានតម្លៃបន្ថែមខ្ពស់ប៉ុនណោះទេ តែថែមទាំងអាចជួយជំរុញការកែច្នៃលេីផលិតផលកសិកម្មបានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមគាំទ្រដល់កសិផលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ កន្លងមករួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ជាដេីម។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី កម្មសិទ្ធិបញ្ញាមិនអាចកេីតឡេីងដោយឯកឯងនោះទេ។ វាទាមទារការវិនិយោគនិងការស្រាវជ្រាវពិតប្រាកដ ដើម្បីឈានទៅទទួលបានការទទួលស្គាល់ និងការការពារពីការលួចបន្លំ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញការការពារកម្មសិទ្ធិបញ្ញានៃផលិតផលកម្ពុជា និងចូលរួមអភិវឌ្ឍ កែច្នៃ ដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី














