ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនសិទិ្ធការងារ និងនយោបាយ លោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ដោយសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការលីកាដូ។
តុលាការក៏បានពិន័យ លោក រ៉ុង ឈុន ជាប្រាក់ចំនួន ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) ។ ការផ្តន្ទាទោសនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក រ៉ុង ឈុន ត្រូវបានគេចោទប្រកាន់ថាបានបញ្ចេញមតិទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។
លោករ៉ុង ឈុន មានតួនាទីជាទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ហើយក៏ជាថ្នាក់ដឹកនាំសហជីពយូរឆ្នាំមួយរូបនៅក្នុងសហភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងដែរ ។
លោក ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទ ញុះញង់ កាលពីខែសីហា ឆ្នាំ២០២១ ដោយសម្រេចឱ្យជាប់ពន្ធនាគារជាង ១៥ខែ មុនពេលលោកត្រូវបានដោះលែង ។ តុលាការនៅព្រឹកនេះ បានប្រើប្រាស់មាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលទ្វេដង ប្រសិនបើបុគ្គលណាម្នាក់ត្រូវបានផ្តន្ទាទោសពីបទមជ្ឈិមដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំ ដែលជាធម្មតាការផ្តន្ទាទោសអតិបរមាចំនួន ២ឆ្នាំ ទៅលើបទញុះញង់តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ លើសពីនេះ តុលាការក៏បានប្រើប្រាស់មាត្រា ៥៥ និងមាត្រា ៤៩៨ ដើម្បីដកសិទ្ធិរបស់លោក ក្នុងការបោះឆ្នោត និងសិទិ្ធក្នុងការឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ។
នៅអំឡុងឆ្នាំ ២០២១ លោក ក៏ត្រូវបានតុលាការបង្គាប់ឱ្យរួមគ្នាសងថ្លៃខូចខាតចំនួន ៤០០ លានរៀល (ប្រហែល ១០០.០០០ ដុល្លារអាមេរិក)។ កាលពីខែមេសា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការឹបអូសទ្រព្យសម្បត្តិរបស់លោក រ៉ុង ឈុន ដែលរួមទាំងផ្ទះរបស់គាត់នៅរាជធានីភ្នំពេញផងដែរ ដោយសារតែការខូចខាតទាំងនោះមិនទាន់ត្រូវបានបង់សងទៅភាគីដើមបណ្តឹង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


