ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅកម្ពុជា ទោះបីសម្រាប់នាំចេញក៏ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមហ៊ុនបរទេសមួយមានបំណងមកវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជា។ បំណងនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្រានចោល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលមានសិស្សសាលាច្រើនបានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា។ សម្តេចបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។
សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា កាលពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល អំពីគោលការណ៍នៃការវិនិយោគនេះ។ ទោះជាយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត បានច្រានចោលសំណើនេះ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការការវិនិយោគបែបនេះទេ ទោះបីជាផលិតផលនោះសម្រាប់នាំចេញក៏ដោយ។
សម្តេចបានបន្ថែមទៀតថា កម្ពុជាមានជម្រើសវិនិយោគជាច្រើនផ្សេងទៀត ហើយការមិនមានរោងចក្រផលិតបារីអគ្គិសនីនៅក្នុងប្រទេសក៏មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពខ្វះខាតដែរ។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍រាល់ការវិនិយោគផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការផលិតបារីអគ្គិសនី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មានគឺសិស្សសាលាអីនេះគឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលាមិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សួរពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា ខ្ញុំថា មិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ដែរ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី















