ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានករណីជនសង្ស័យម្នាក់ដាក់ថ្នាំសណ្ដំយកប្រាក់ ពីស្ត្រីម្នាក់អស់ប្រមាណ ៥លានរៀល នៅក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។
នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២៥ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការភ្លាមៗ ដូចខាងក្រោម៖
នៅថ្ងៃទី ៤/៥/២០២៥ វេលាម៉ោង ១៤ និង ៣០នាទី កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះទៅដល់ កន្លែងកើតហេតុខាងលើ ធ្វើការស្រាវជ្រាវ និងបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព (របស់ជនរងគ្រោះ) ឃើញថា មានជនសង្ស័យ ចំនួន ១នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅ ចូលកន្លែងទីតាំង ខាងលើ ដោយបន្លំធ្វើជាដូរយកប្រាក់ ហើយបានធ្វើសកម្មភាពដាក់ថ្នាំសណ្តំយកប្រាក់អស់ ចំនួន ៥,០០០,០០០៛ (ប្រាំលានរៀល) ពីជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់ ។ ចំពោះករណីខាងលើ សមត្ថកិច្ចជំនាញបានយកវីដេអូ និងរូបភាព មកពិនិត្យភិនភាគជនសង្ស័យ នឹងបន្តសហការជាមួយ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ដើម្បីស្រាវជ្រាវតាមនីតិវិធី ។
នៅថ្ងៃទី ៥/៥/២០២៥ វេលាម៉ោង ១៣ និង ១០នាទី ប្រជាពលរដ្ឋឈ្មោះ យូ កំរី ត្រូវជាឪពុករបស់ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកតំបែរ ។ ទន្ទឹមនេះដែរ ស្នងការដ្ឋាន បានចាត់តាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បន្តចុះស្រាវជ្រាវស្វែងរកព័ត៌មានលើមុខសញ្ញា សង្ស័យខាងលើ ដើម្បីឈានដល់ការឃាត់ខ្លួន នឹងកសាងសំណុំរឿងតាមនីតិវិធី ។
ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្ត ក៏សូមអរគុណដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានផ្តល់ព័ត៌មាន ឬហេតុការណ៍ ក៏ដូចជាសំណូមពរផ្សេងៗ សូមបន្តផ្តល់ព័ត៌មានតាមលេខទូរស័ព្ទទាន់ហេតុការណ៍ (HOTLINE) ១១៧ និងលេខទូរស័ព្ទប្រចាំបញ្ជាលេខ ០៧១ ៤៤ ២២ ៦៦៦ ឬតាមរយៈPage ផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ” ដើម្បីស្រាវជ្រាវឈានដល់ការ
បង្ក្រាបឲ្យខានតែបាន ដោយធានាបានសន្តិសុខសណ្តាប់ធ្នាប់ ក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែល្អប្រសើរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

