ហ្សាការតា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបាឋកថាក្នុងសិក្ខាសាលា ស្តីពី “ទស្សនៈ និង បទពិសោធន៍នៃ កិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា” នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ដែល រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា, ក្រុងហ្សាការតា, សាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ខ្ញុំពិតជាក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមផ្តល់បទបាឋកថា នៅក្នុង សិក្ខាសាលា ស្តីពី “ទស្សនៈ និង បទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា” ។ ខ្ញុំសូម ថ្លែងអំណរគុណដល់វិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា (ERIA) និង ស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយចែករំលែក ពីបទពិសោធន៍នៃការកសាង សន្តិភាពរបស់កម្ពុជា ។ ពិតណាស់ថា បទពិសោធន៍, បរិបទ និង ស្ថាបនភាពនយោបាយ និង ប្រវិត្តិសាស្ត្ររបស់ប្រទេសនីមួយៗ អាចខុសគ្នា ហើយពេលខ្លះបទពិសោធន៍របស់កម្ពុជា អាចនឹង លំបាកនឹងអនុវត្ត ក្នុងបរិបទរបស់ប្រទេសផ្សេង ប៉ុន្តែ ខ្ញុំជឿជាក់ថា គោលគំនិតរួមនៃ “នយោបាយ ឈ្នះ-ឈ្នះ” ពិតជាមានតម្លៃ ក្នុងការផ្តល់ធាតុចូលជាមូលដ្ឋានគ្រឹះ នៃការកសាងសន្តិភាព ដែល មានលក្ខណៈយូរអង្វែង និង មានបរិយាប័ន្ន ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់អ្នកចូលរួមទាំងឡាយដែលពុំសូវបានស្គាល់ពីកម្ពុជា ខ្ញុំចង់បញ្ជាក់ជូនថា ក្រោម ការផ្តួចផ្តើម និង ដឹកនាំអនុវត្តរបស់ខ្ញុំ “នយោបាយឈ្នះ-ឈ្នះ” បានសម្រេចនូវសន្តិភាពពេញ លេញ និង ឯកភាពទឹកដី នៅឆ្នាំ ១៩៩៨ ដោយគ្មានការបង្ហូរឈាមរវាងខ្មែរ និង ខ្មែរ ។ នេះគឺជា សន្តិភាពពេញលេញ យូរអង្វែង ដែលកម្ពុជា ពុំធ្លាប់ស្គាល់ទាល់តែសោះ ក្នុងអំឡុងពេល ៥០០ ឆ្នាំ ចុងក្រោយ ក្រោយការធ្លាក់ចុះនៃអាណាចក្រអង្គរ ។ ហើយបទពិសោធន៍នៃការបង្រួបបង្រួមជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើង និង ការបង្ហូរឈាម ប្រហែលជាមានតែកម្ពុជាទេ នៅលើពិភពលោក នេះ ។ យើងគិតថា នេះមិនមែនជាអំណួតនោះឡើយ តែនេះគឺជាសន្តិភាព ដែលបានមកដោយ លំបាកជាទីបំផុត បើគិតពីប្រវត្តិសាស្ត្រនៃការឈឺចាប់របស់កម្ពុជា ដែលបានឆ្លងកាត់នូវការលំបាក ទុក្ខសោករាប់ជំពូក និង សោកនាដកម្មប្រល័យពូជសាសន៍ឯង ។
គ្រប់នាទី និង គ្រប់ជំហាន សុទ្ធតែជាចំណុចស្លាប់រស់ ហើយអាយុជីវិតរបស់ខ្ញុំ និង រាល់ ដំណើររបស់ខ្ញុំ គឺជាការបូជាអាយុជីវិត ដើម្បីភាពរស់រានមានជីវិត និង សន្តិភាពសម្រាប់ប្រទេស កម្ពុជា ដ៏កំសត់របស់ខ្ញុំ ។ នៅពេលដែលខ្ញុំគេចខ្លួនទៅវៀតណាម នៅឆ្នាំ ១៩៧៧ ខ្ញុំពិតជាមាន ជម្រើស នៅក្នុងការសំងំសុខ ដោយសិទ្ធិជ្រកកោននយោបាយ ប៉ុន្តែ ខ្ញុំបានស្នើឱ្យវៀតណាមជួយ គាំទ្រដល់កងកម្លាំងដែលខ្ញុំប្រមូលផ្តុំដឹកនាំ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ។ វៀតណាម អាចមិនជឿការរាយការណ៍របស់ខ្ញុំ ហើយវៀតណាមក៏មានជម្រើស នៅក្នុងការមិនគាំទ្រយុទ្ធនា ការយោធាដែលខ្ញុំបានលើកស្នើដែរ ។ បើក្រឡេកថយក្រោយ, យើងប្រាកដជាយល់យ៉ាងច្បាស់ថា បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រ ពីកងទ័ពស្ម័គ្រចិត្តវៀតណាម, កម្ពុជាអាចរលត់ជាតិសាសន៍ទាំងមូលតែម្តង ។ មានអ្នកខ្លះចោទ ថា វៀតណាមបានឈ្លានពានកម្ពុជា ប៉ុន្តែ បើនិយាយដោយគ្រោតគ្រាតបន្តិច ខ្ញុំចង់បញ្ជាក់ថា ប្រសិនបើវៀតណាមចង់លេបយកទឹកដីកម្ពុជា វៀតណាមពិតជាមានជម្រើស ដោយទុកឱ្យរបប កម្ពុជាប្រជាធិបតេយ្យ នៅបន្តកាន់អំណាចតទៅទៀត រហូតដល់ខ្មែររលាយជាតិសាសន៍តែម្តង ។ វៀតណាមមិនចាំបាច់បើកយុទ្ធនាការយោធា ហើយសុខចិត្តលះបង់ជីវិតកងទ័ពស្ម័គ្រចិត្តរបស់ ខ្លួននោះឡើយ ។ ត្រង់នេះយើងត្រូវតែមានយុត្តិធម៌ចំពោះវៀតណាម ព្រោះថា បើគ្មានវៀតណាម នៅពេលនោះ ពិតជាគ្មានប្រទេសណាមួយ មកអើពើនឹងកម្ពុជា នៅក្នុងការផ្តួលរំលំរបបប្រឡាក់ ឈាម ប៉ុល ពត បានឡើយ ។ ជាង ៤០ ឆ្នាំមកហើយ មិនត្រឹមតែការចោទប្រកាន់លើវៀតណាម នៅតែបន្តមាននោះទេ យើងក៏ឃើញមាននិន្នាការជ្រុលនិយម ដែលចង់បដិសេធវត្តមាននៃអំពើប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ ហើយសម្រាប់ប្រទេសមួយដែលនៅរស់ រានមានជីវិត ងើបយ៉ាងត្រដាបត្រដួសពីរបបប្រល័យពូជសាសន៍ យើងត្រូវតែការពារឱ្យបានជា ដាច់ខាតនូវតថភាពប្រវត្តិសាស្ត្រ និង ការពារឱ្យបានជាដាច់ខាតនូវការកើតឡើងសាជាថ្មីនៃ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ ។ ដូច្នេះហើយ កាលពីពេលថ្មីៗនេះ កម្ពុជាបានបង្កើត “ច្បាប់ ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិប-តេយ្យ” ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែង ដែរ, ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ, ការផ្សះផ្សា, យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរ ភាព និងបរិយាប័ន្ន ។ តាមរយៈបទពិសោធរបស់កម្ពុជា, យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានានៅ ក្នុងការធានាសន្តិភាពឱ្យបានយូរអង្វែង និង ចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និង បង្រួបបង្រួមជាតិ ។
ខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុង វប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាច សាហាវ, ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ, និងការសងសឹកឥត ឈប់ឈរ ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨, ក៏ខ្ញុំ នៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាព សុខដុម, ពង្រឹងឯកភាពជាតិ, និងបណ្តុះលទ្ធិប្រជាធិបតេយ្យ ។ យើងទទួលស្គាល់ថា លទ្ធិប្រជា ធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និង ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពនៅ ក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោតជាជាងគ្រាប់ កាំភ្លើង និង អំពើហិង្សា ឬ ការបះបោរ ។
បច្ចុប្បន្ននេះ, កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន, ប៉ុន្តែ កម្ពុជាលែងមានក្រុម ប្រដាប់អាវុធច្រើនទៀតហើយ ។ អ្វីដែលសំខាន់នោះ គឺអំពើហឹង្សាក្នុងពេលបោះឆ្នោតបានរលាយ សាបសូន្យតែម្តងពីឆាកនយោបាយកម្ពុជា បន្ទាប់ពីជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ ។ នេះ ជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការ រីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (នៅលើពិភពលោកពុំមានស្តង់ដានិយមន័យនៃពាក្យប្រជាធិបតេយ្យសម្រាប់អ្វីដែលខ្ញុំយល់ជារួម ក្នុងន័យកណ្តាល គឺថាប្រជាធិបតេយ្យត្រូវមានសន្តិ ភាពជាបុរលក្ខខណ្ឌ, នៅពេលមានសន្តិភាព យើងមានសេរីភាព, សាសនា, ការកសាងហេដ្ឋា រចនាសម្ព័ន្ធ, ការបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់, ការរៀបចំការបោះឆ្នោតជាទៀងទាត់ យើង គោរពជំនឿរបស់ប្រជាជន, ការពារបាននូវសេដ្ឋកិច្ចឯកជនរបស់ប្រជាជន ក្នុងដំណាក់កាលដែល យើងពង្រឹងការអនុវត្តច្បាប់ដើម្បីប្រមូលចំណូលជូនរដ្ឋ, រក្សាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និង ពង្រីក សក្តានុពលធនធានមនុស្សឱ្យទៅជាមូលធនមនុស្សខ្ពស់ ដើម្បីកសាងខឿនការពារជាតិដ៏រឹងមាំ, នោះ គឺជាប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងធ្វើដំណើរ ហើយកម្ពុជានឹងបន្តធ្វើដំណើរទៅ មុខទៀតលើមាគ៌ានេះ)។
ការជំរុញការកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ, មានបរិយាប័ន្ន គឺនៅតែជា គោលនយោបាយដ៏ចាំបាច់ សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស ។ នៅពេលដែលប្រទេស មានប្រជាជនក្រីក្រច្រើន, ពលរដ្ឋគ្មានការងារធ្វើ, គ្មានចំណេះដឹង, ពលរដ្ឋនឹងងាយជឿលង់ទៅ នឹងមនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរកការទម្លាក់កំហុសទៅលើស្ថាប័ន ឬ ក្រុមសង្គម ណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ ។ ដូច្នេះហើយ, នេះ គឺពិតជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍, ព្រោះថា ពួកគេពិតជាគ្មានវេទមន្តដើម្បីជប់ឱ្យមានការអភិវឌ្ឍជឿនលឿន ភ្លាមៗលើគ្រប់វិស័យនៅទូទាំងប្រទេសតាមចិត្ត ដែលមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនចង់បាន នោះឡើយ ។ រដ្ឋាភិបាលពិតជាត្រូវការការចូលរួម និង យោគយល់ពីប្រជាពលរដ្ឋទូទៅអំពីល្បឿន នៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយពុំមានមធ្យោបាយ និង ធនធានគ្រប់គ្រាន់ដូច ប្រទេសជឿនលឿនដទៃទៀត ។ ត្រង់ចំណុចនេះ ខ្ញុំក៏ចង់ឱ្យប្រទេសជឿនលឿនយល់ពីការលំបាក របស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ។ យើងចង់ឃើញការជួយជ្រោមជ្រែងពីមិត្តរបស់យើង, យើង មិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង ដោយកេងចំណេញពីកង្វះខាត សមត្ថភាពស្ថាប័ន និងធនធានរបស់យើង, ហើយឆ្លៀតទៅបង្ហោះកំហឹងពលរដ្ឋ និងគាំទ្រមនោ-គមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ ។ យើង ចង់បានការគាំទ្រជាជាងការបណ្តុះបង្អាប់បន្ទុចបង្អាក់ និងរារាំងជម្រើសនៃមាគ៌ាអភិវឌ្ឍរបស់ យើង ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព, ការលំបាក និងសោកនាដកម្មរាប់មិនអស់ របស់ប្រជាជាតិខ្មែរនោះឡើយ ។
បើតាមសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន, ដូចដែលខ្ញុំធ្លាប់បានថ្លែងផ្ទាល់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦, ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ហើយកាន់តែអាក្រក់ជាងនេះ គឺការប្រើយោធាដើម្បីបង្ខំការផ្លាស់ប្តូររបបនយោបាយ ឬ ប្រព័ន្ធដឹកនាំកិច្ចផ្សេងៗ មិនមែនជា ដំណោះស្រាយទេ ។ ផ្ទុយទៅវិញ, ទង្វើទាំងនេះ តែងតែបាននាំឱ្យមានការស្លាប់ជាច្រើនទៀត បង្ក ការរងទុក្ខវេទនារបស់មនុស្ស និងបង្កើតជម្លោះសង្គម និងសេដ្ឋកិច្ច ។ កម្ពុជា គឺជាគំរូជីវិតពិត និង បានជួបប្រទះសោកនាដកម្មដ៏អាក្រក់បំផុត ហើយគួរឱ្យសោកស្តាយ ។ កន្លងទៅថ្មីៗ និង ឥឡូវ នេះ យើងក៏នៅតែឃើញការលូកដៃជ្រៀតជ្រែកពីខាងក្រៅនៅបណ្តាប្រទេសមួយចំនួន ។ ប្រសិន បើព្រឹត្តិការណ៍ថ្មីៗនេះ ដូចជា នៅអាហ្វហ្គានីស្ថាន និង នៅបង់ក្លាដែស ជាដើម គឺជាមេរៀន ដែល ត្រូវរៀនសូត្រ មានគុណសម្បត្តិដ៏អស្ចារ្យក្នុងការគោរពបំណងប្រាថ្នារបស់ប្រជាជាតិនីមួយៗ និង សិទ្ធិរបស់ប្រជាជនរបស់ពួកគេក្នុងការកំណត់វាសនាដោយខ្លួនឯង ។ មិនថាប្រទេសធំ និង ប្រទេសតូច, ពួកគេសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នា នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ វប្ប ធម៌, ប្រពៃណី, របៀបរស់នៅ និងសង្គមនយោបាយ ។ ពួកគេមិនគួរត្រូវបានរារាំងដោយការដាក់ ទណ្ឌកម្មឯកតោភាគី, ការហាមឃាត់ ឬ វិធានការសេដ្ឋកិច្ច ឬ ការបង្ខំផ្សេងទៀតដែលរំលោភច្បាប់ អន្តរជាតិ និងគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ឡើយ ។
សម្តេចសង្ឃឹមថា បាឋកថាថ្ងៃនេះ នឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាល ជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និង ការពិបាកនៅក្នុងការកសាងសន្តិភាព, បង្រួមបង្រួម និង ផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ជាពិសេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ខ្ញុំសង្ឃឹមថា បទពិសោធន៍របស់កម្ពុជា នៅក្នុងការកសាង សន្តិភាព និង កសាងជាតិ នឹងអាចរួមចំណែកក្នុងការកសាងវប្បធម៌សន្ទនា និង ការជំរុញឱ្យមាន សមាសធាតុ “ឈ្នះ-ឈ្នះ” នៅក្នុងការដោះស្រាយជម្លោះរ៉ាំរ៉ៃយូរអង្វែង ដែលសមាសធាតុនេះ គឺជា មូលដ្ឋានមិនអាចខ្វះបានសម្រាប់ជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និង ការកសាងសន្តិ ភាពពិតប្រាកដ, យូរអង្វែង និង មានបរិយាប័ន្ន ។រក្សាសិទ្ធដោយ៖សុទ្ធលី






















