ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រ កម្ពុជា លោកជំទាវ វៀងថុង ស៊ីផាន់ដន (VIENGTHONG SIPHANDONE) បានដឹកនាំ គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកជំទាវ វៀងថុង ស៊ីផាន់ដន បានចូល ជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបានជួប សម្តែងការគួរសម ពិភាក្សាការងារជាមួយ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល។
ក្នុងជំនួបនាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ នៅតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលបានសម្តែងនូវមនោសញ្ចេតនាចូលរួមមរណទុក្ខយ៉ាង ក្រៀមក្រំចំពោះមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ ជាបិតាបង្កើតរបស់ លោកជំទាវ វៀងថុង ស៊ីផាន់ដន និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវប្រធាន និង គណៈប្រតិភូ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូពីការរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រ កម្ពុជា រួមទាំងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលកំពុងតែផ្តល់ផ្លែផ្កាគួរជាទីពេញចិត្ត។ លោកជំទាវ ប្រធានតុលាការប្រជាជនកំពូលឡាវជម្រាបជូនភាគីកម្ពុជាអំពីការវិវឌ្ឍន៍រីកចម្រើននៅប្រទេសឡាវលើ វិស័យច្បាប់ និងតុលាការផងដែរ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញ និងការធ្វើបដិសណ្ឋារកិច្ច ដ៏កក់ក្តៅ ព្រមទាំងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រ កម្ពុជា ក្នុងនោះក៏មានផ្នែកតុលាការផងដែរ។
ទន្ទឹមនឹងនេះ ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន (CACJ) និង សម្តែងការពេញចិត្តចំពោះភាពចាំបាច់ក្នុងការបង្កើតយន្តការទ្វេភាគីរវាងតុលាការកំពូលនៃប្រទេស ទាំងពីរនាពេលនេះ ដែលបានរឹតចំណងមិត្តភាព និងសាមគ្គីភាព មិនត្រឹមតែរវាងប្រជាពលរដ្ឋនៃ
ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងស្ថាប័នតុលាការឱ្យបានកាន់តែរឹងមាំ ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
ក្នុងឱកាសនេះ ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូនៃ តុលាការប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងចែករំលែកបទពិសោធគ្នាទៅវិញទៅមកលើផ្នែកជំនាញវិជ្ជាជីវៈតុលាការ ជាពិសេសការលើកកម្ពស់ កិច្ចសហការនៃតុលាការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការ ដោះស្រាយវិវាទផ្នែករដ្ឋប្បវេណីឆ្លងដែន ដែលកើតមាននៅតាមមូលដ្ឋានព្រំដែនប្រវែង ២៥៧ គីឡូម៉ែត្រ ដើម្បីសុខុមាលភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោកជំទាវប្រធានតុលាការប្រជាជនកំពូលឡាវ ក៏បានអញ្ជើញឯកឧត្តមប្រធានតុលាការ កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាពេលខាងមុខផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី


