Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក”

ភ្នំពេញ ៖ ឯកឧត្តម ប៊ុន សុផាត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក” នៅក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងឯកឧត្តម អ៊ូច ថោងសេង អនុប្រធាននិងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥។

ជាលទ្ធផលអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពទូទៅ ដោយកែសម្រួលលើទម្រង់ ខ្លឹមសារ និងពាក្យពេចន៍ ដើម្បីធ្វើយ៉ាងណាធានាឱ្យសេចក្ដីព្រាងអនុក្រឹត្យខាងលើ មានខ្លឹមសារ និងធាតុផ្សំគ្រប់ជ្រុងជ្រោយ ព្រមទាំងមានអនុលោមភាពនិងសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។

គួរបញ្ជាក់ផងដែរថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក” កំណត់អំពីវិធានការ និងយន្តការនៃការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការសាងសង់ផ្លូវឆ្លងកាត់ និងលុបបំបាត់បាតុភាពរំលោភដីចំណីផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់ និងកំណត់ភាពស្របច្បាប់ដល់ពលរដ្ឋ បង្កើតស្ដង់ដារនិងបច្ចេកវិទ្យាសមស្របសម្រាប់ប្រព័ន្ធការពារផ្លូវដែក ផ្លាកសញ្ញាផ្សេងៗ ឧបករណ៍ផ្ដល់ដំណឹង ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ ថែរក្សាគុណភាពផ្លូវដែក និងបង្កលក្ខណៈងាយស្រួលសល់ចរាចរណ៍តាមផ្លូវដែក៕រក្សាសិទ្ធដោយ៖សុទ្ធលី

×