នៅរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
ក្នុងដំណើរទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋានផ្ទាល់នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ដែលទទួលបានហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank។ គម្រោងដ៏មានសារៈសំខាន់នេះ គិតមកទល់ពេលនេះសម្រេចបានប្រមាណ ៧៥% ហើយ។ គម្រោងនេះបានចាប់ផ្តើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ ដោយមានរយៈពេលសាងសង់សរុបចំនួន ៥៤ខែ។
ការងារសំខាន់ៗដែលកំពុងអនុវត្តរួមមាន ការស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ ប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ ការសាងសង់ទំនប់អាងទឹកចំនួន ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) ប្រវែងសរុប ២០,៣៦គីឡូម៉ែត្រ ព្រមទាំងស្តារអាងទឹកទាំងបីនេះដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និងការសាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍គ្របដណ្តប់លើក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ដោយមានប្រជាកសិករប្រមាណ ៤២.២១៣គ្រួសារជាអ្នកទទួលផល។
ក្នុងថ្ងៃដដែលនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានបន្តដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់បវេល។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់លម្អិត និងគ្រោងនឹងចាប់ផ្តើមដំណើរការសាងសង់នាដើមឆ្នាំ២០២៦ ខាងមុខ ក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (EDCF/K-Eximbank)។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានរហូតមកដល់ពេលនេះ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យគម្រោងអនុវត្តទៅបានតាមផែនការគ្រោងទុក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តគម្រោងទាំងនេះនឹងសម្រេចបានជោគជ័យ ប្រកបដោយគុណភាពខ្ពស់ និងអាចបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅបានយូរអង្វែងតទៅមុខទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី





