Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន(The U.S.-China Economic and Security Review Commission – USCC) ដឹកនាំដោយ លោកស្រី Reva Price ប្រធានគណៈកម្មការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូ USCC កំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជំនួបនេះធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥។

ជំនួបនាព្រឹកនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូ USCC អំពីព័ត៌មានពាក់ព័ន្ធសំខាន់ៗ រួមមានជាអាទិ៍៖ សាវតានៃការកសាង ក.អ.ក. ព្រមទាំងបេសកកម្ម និងចក្ខុវិស័យ, សក្តានុពលនានារបស់កម្ពុជាក្នុងការជ្រើសរើសជាទីតាំងវិនិយោគ, និង បេសកកម្មគោះទ្វារទាក់ទាញវិនិយោគរបស់ ក.អ.ក. ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរអំពីកិច្ចការនានាដែលកម្ពុជាបាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ជុំវិញកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលរួមមាន ជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR) ចំនួន២លើក និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ គណៈប្រតិភូ USCC បានសម្តែងនូវក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនាឱកាសនេះ និងបានជម្រាបអំពីបេសកកម្មរបស់ USCC ដែលជាទីភ្នាក់ងារឯករាជ្យមួយនៃសាខានីតិបញ្ញត្តិរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកលើការត្រួតពិនិត្យ ស៊ើបអង្កេត និងរាយការណ៍ទៅសភាសហរដ្ឋអាម៉េរិកអំពីកិច្ចការនានាពាក់ព័ន្ធនឹងសន្តិសុខនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន។ ភ្ជាប់ជាមួយនឹងការកត់សម្គាល់អំពីការផ្លាស់ប្តូរមុខមាត់របស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងសង្គម គណៈប្រតិភូ USCC ក៏បានលើកឡើងអំពីប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន(Transshipment) ដែលជាហេតុនាំឱ្យដើមកំណើតទំនិញមួយចំនួនមានការកែប្រែ មុននឹងមានការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពី វិធានការសម្រាប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសក្រសួងពាណិជ្ជកម្ម ស្តីពី នីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលទាំងអស់នេះសុទ្ធសឹងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក៕រក្សាសិទ្ធដោយ៖សុទ្ធលី

×