Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកត្តិបណ្ឌិត អុឹង កន្ថាផាវី ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទទួលផលរហ័ស ស្តីពីការពង្រីកកាលានុវត្តភាពមរតកដូនតាសម្រាប់ក្រុមស្ត្រីរើសគោមផ្កា(ចរបាប់)

លោកជំទាវកត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតលុង ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទទួលផលរហ័សស្តីពី ការពង្រីកកាលានុវត្តភាពមរតកដូនតាសម្រាប់ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់) ខេត្តកណ្តាល ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលឥណ្ឌា ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីស្រុកខ្សាច់កណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកខ្សាច់កណ្តាល ក្រុងអរិយក្សត្រ ព្រមទាំងបងប្អូនស្ត្រីតម្បាញ ក្រុមគោលដៅ នៃស្រុកខ្សាច់កណ្តាលប្រមាណ ១០០ នាក់។

លោកជំទាវកត្តិបណ្ឌិត អុឹង កន្ថាផាវី បានគូសបញ្ជាក់ថា គម្រោងដែលដាក់ដំណើរការថ្ងៃនេះ បានរៀបចំឡើងជាផ្នែកមួយ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ កាលពីឆ្នាំ២០២៣ សម្តេចតេជោ បានចង្អុលឱ្យក្រសួង ចំនួន៣ រួមមាន៖ ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរួមគ្នាសហការ និងសម្របសម្រួលបណ្តុះបណ្តាលជំនាញបែបប្រពៃណីមរតកដូនតា តាមតម្រូវការជាក់ស្តែង។ កិច្ចការនេះ ក៏ជាការជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន ពិសេសបងប្អូន កូនក្មួយជាស្រ្តី និងជាសក្តានុពលក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃទេសចរណ៍បែបវប្បធម៌ផងដែរ។

លោកជំទាវកត្តិបណ្ឌិត បានបន្ថែមទៀតថា នៅក្នុងគម្រោងនេះ គឺមានបំណងបំលែងការត្បាញចរបាប់ឱ្យទៅជានិមិត្តសញ្ញា នៃការច្នៃប្រឌិត និងមោទនភាពវប្បធម៌តាមរយៈការផ្តល់គុណតម្លៃ ការលើកកម្ពស់គុណភាព និងភាពច្នៃប្រឌិត ដោយផ្សាភ្ជាប់នឹងការពង្រឹងសមត្ថភាពផ្នែកឌីជីថល សហគ្រិនភាព និងភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងសហគមន៍ ដែលនឹងអនុញ្ញាតឱ្យស្រ្តី អាចផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារ និងពង្រីកវិសាលភាពទីផ្សារផលិតផលបែបបូរាណទំនើប។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ នឹងអាចធានាពី អត្ថប្រយោជន៍ដល់ស្រ្តីសហគមន៍ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ច និងភាពចម្រើនរបស់គ្រួសារ និងសហគមន៍របស់ស្រ្តី និងដើម្បីរួមចំណែកថែរក្សា និងផ្តល់តម្លៃដល់កេរមរតកដូនតា ដែលបានបន្សល់ទុកឱ្យយើងទាំងអស់គ្នាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×