ភ្នំពេញ ៖ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានលើកឡើងថា ៖ រហូតមកដល់ពេលនេះ ខ្ញុំមិនធ្លាប់ឮប្រជាជន និងសហគមម៉ាឡេស៊ី ដែលកំពុងរស់នៅរកស៊ីនៅនិងបំពេញការងារនៅកម្ពុជា នៅរាជធានីភ្នំពេញ និយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ គឺមានតែការលើកសរសើរ ពីកម្ពុជា ដែលមានច្បាប់វិនិយោគដ៏អនុគ្រោះដល់អ្នកវិនិយោគ, កម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កភាពងាយស្រួលដល់អ្នកវិនិយោគទាំងឡាយ។
នេះជាការវាយតំលៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ឧសភា ២០២៥ ក្នុងឱកាសជួបសវនការជាមួយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានលើកឡើង ពីដំណើរការវិវឌ្ឍន៍របស់រាជធានីភ្នំពេញ ពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយចាត់ទុកទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ី គឺជាទំនាក់ទំនង និងកិច្ចសហការ យ៉ាងរលូនពីអតិតកាល។ តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ដោយរបបប្រល័យពូជសាសន៍ប៉ុល ពតទើបនៅឆ្នាំ១៩៩១ ទើបភ្ជាប់ទំនាក់ទំនងនេះឡើងវិញ។
ឯកឧត្តមឃួង ស្រេង គូសបញ្ជាក់ទៀតថា៖ថ្វីត្បិតយើងមានជំនឿសាសនាផ្សេងគ្នា តែយើងមានគោលនយោបាយរួមគ្នា កម្ពុជាគ្មានការរើសអើង និងប្រកាន់ពូជសាសន៍អ្វីនោះទេ។ កម្ពុជាគ្មានជំលោះសាសនាទេ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតិតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រីតែងប្រកាន់ខ្ជាប់នូវគោលនយោបាយសុខដមនីយកម្មសាសនា គឺប្រជាពលរដ្ឋរស់នៅប្រកបរបរដោយសុខសន្តិភាព។
ឯកឧត្តមអភិបាលបានបន្តទៀតថា៖ មានតែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមទេ ទើបស្គាល់តំលៃពិតនៃសន្តិភាព។រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាប្តេជ្ញារក្សាសន្តិភាពនេះឲ្យបាន។
ឯកឧត្តម Saharu ddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានប្រគល់លិខិតអញ្ជើញដល់ឯកឧត្តមឃួង ស្រេង ដើម្បីអញ្ជើញចូលរួមក្នុងសន្និសីទធុរកិច្ចដែលម៉ាឡេស៊ី នឹងប្រារព្វធ្វើនៅខែតុលាខាងមុខ នៅរដ្ឋសាលាង៉។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនឯកឧត្តមឃួង ស្រេង ពីគោលបំណងចង់រៀបចំឲ្យមានការតាំងពិរព័ណ៍ម៉ាឡេស៊ី នៅផ្លូវថ្មើរជើង មាត់ទន្លេ នាខែសីហាខាងមុខនេះដែរ។ ជាការឆ្លើយតបឯកឧត្តមអភិបាលបានស្វាគមន៍ ចំពោះគោលបំណងនេះនិងលើកទឹកចិត្តដល់បណ្តាស្ថានទូតនានាពេលមានបំណង ចង់រៀបចំពិរព័ណ៍តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្លូវថ្មើរជើងផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










