ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណ កម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែមានប្រសិទ្ធិភាព។
កិច្ចប្រជុំបានពិភាក្សាស្ថានភាពទិន្នន័យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជី និងគ្រប់គ្រងដោយក្រសួង-ស្ថាប័នតាមវិស័យផ្សេងៗ ហើយពុំផ្តល់លទ្ធភាពឱ្យមានទិន្នន័យរួមមួយសម្រាប់ជាតិ ដែលមានសង្គតិភាព និងបច្ចុប្បន្នភាព។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ឥឡូវ យើងអាចមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ដូចមានថ្នាល CamDX ជាឧទាហរណ៍ស្រាប់។”
ឯកឧត្តមបានសង្កត់ធ្ងន់លើគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលឱ្យមានច្រករួមមួយសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបានចែករំលែកទៅក្រសួង-ស្ថាប័នជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ។
កិច្ចប្រជុំក៏បានយល់ស្របលើការប្រើប្រាស់និយមន័យរួមសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលនឹងបង្កើនភាពច្បាស់លាស់ និងសង្គតិភាពសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើង៖ “ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានជោគជ័យ យើងត្រូវធ្វើសមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាសដែលកំពុងដំណើរការ។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ភារកិច្ចក្នុងការសម្របសម្រួល ទិន្នន័យសហគ្រាសធុនតូច និងមធ្យម (សូចនាករទី៣០) សម្រាប់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី






